សេដ្ឋកិច្ច

ខេត្ដ​ស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ចពិសេស​១២ តែ​កំពុងដំណើរការ​ចំនួន៩​

ដោយៈសិរីមតី

​ភ្នំពេញ​៖​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ខេត្តស្វាយរៀង មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​១២​កន្លែង និង​កំពុងដំណើរការ​ចំនួន​៩​កន្លែង​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ស្ដីពី​«​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​»​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ លោកអភិបាលខេត្ត បាន​គូសបញ្ជាក់ថា សហគ្រាស​មួយចំនួនទៀត ស្ថិត​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​រោងចក្រ សហគ្រាស​សរុប​មាន​ចំនួន​២៦២​កន្លែង បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ រួមចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

បើតាម​លោក​អភិបាលខេត្ត​, ផលរបរ​ដែល​កម្មក​រ​និយោជិត​ទទួលបាន​ពី​ការបំពេញ​ការងារ​នៅតាម​រោងចក្រ សហគ្រាស មាន​ប្រមាណ​២៣ ទៅ​២៥​លាន​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។​

​លោក ម៉ែន វិបុល បាន​អះអាងថា វិស័យ​ផលិតកម្ម​សំខាន់ៗ ក្រៅពី​សម្លៀកបំពាក់ រួមមាន ដំឡើងរថយន្ដ ផលិត​កង់ នាឡិកា សំបក​កង់ឡាន ម៉ាស់ បរិក្ខា​សុខាភិបាល អំពូល​ភ្លើង ត្រង់​ស្វូ​រ​អគ្គិសនី ឆ័​ត្រ គ្រឿង​សង្ហា​រឹម បារី តុក្កតា សា​ឡុង និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ សម្រាប់​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៩ ដែល​កំពុងដំណើរការ​នោះ រួមមាន​៖ ទី​១៖ តំបន់​សេដ្ឋកិច្ច​ពិសេស មេន ហាត ធេ​ន ស្វាយរៀង​, ទី​២៖ តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បាវិត​, ទី​៣៖ តំបន់​សេដ្ឋកិច្ច​ពិសេស ដ្រេ​ហ្គ​ន ឃី​ង (​នាគរាជ​), ទី​៤៖ តំបន់​សេដ្ឋកិច្ច​ពិសេស សាន​ដុង សាន់​សែ​ល​, ទី​៥៖ តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ទី​៦៖ តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ ជាន ពុ​ចាយ​, ទី​៧៖ តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍​, ទី​៨៖ តំបន់​សេដ្ឋកិច្ច​ពិសេស អ៊ិន​ធើ​វៀ អូ​តូ​ម៉ូ​បាល អ៊ិន​ដាស​ស្ទ្រៀ​ល ខម​ផ្លេក​ស៍ និង​ទី​៩៖ តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​៕​