សេដ្ឋកិច្ច

ផលិតផល​ខ្មែរ ៧​មុខ បាន​ត្រូវ​ប្រកាស​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​

ដោយៈសិរីមតី

​ភ្នំពេញ​៖​ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោកនា​ថ្ងៃទី​២៦​ខែមេសា ផលិតផល​ខ្មែរ ៧​មុខ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​សម្ពោធ​និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​។​

​អំបិល​កំពត​កែប ទឹកត្រី​កំពត​កែប បង្កង​តាកែវ ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ (GI) ខណៈ​ដូងខ្ទិះ​បាត់ដំបង នំ​បញ្ចុក​សៀមរាប ក្រូចថ្លុង​កោះ​ពីរ និង​អំបុក​កំពង់ធំ ត្រូវបាន​ចុះបញ្ជី​ជា​ម៉ាក​សមូហភាព​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈ​កម្ម​ធិ​ការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា បាន​ថ្លែងថា ការចុះបញ្ជី​ម៉ាក់​សម្គាល់​ភូមិសាស្ត្រ​ទំនិញនិង​ម៉ាក សមូហភាព ដល់​ផលិតផល​ទាំងនេះ គឺជា​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើន​តម្លៃបន្ថែម​ដល់​ផលិត​ផ​ល​​ក្នុងស្រុក និង​ពង្រឹង​ភាព​ប្រកួតប្រជែង​ផលិតផល​ខ្មែរ នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។​

​លោក សួន វិជ្ជា ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បានថ្លែងថាការចុះ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព នឹង​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ដែល​ទើប​ទទួលបាន​ការចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ឱ្យបាន​ទូលំទូលាយ និង​លើកទឹកចិត្ត​ដល់​កសិករ ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាទី​មោ​ទកៈ សម្រាប់​ការអភិវឌ្ឍ​ផលិតផល និង​អាជីវកម្ម​របស់ខ្លួន​។​

​លោក​បន្តថា ភាពជោគជ័យ​នៅក្នុង​ការកសាង​ម៉ាក​សម្គាល​ភូមិសាស្ត្រ​ទំនិញ ម៉ាក​សមូហភាព​នាពេល​កន្លងមក បានធ្វើឱ្យ​ផលិតផល​កម្ពុជា​ជាច្រើន បាន​ឈានចូល​ទៅក្នុង​ទីផ្សារ​បរទេស និង​មានឈ្មោះ​ល្បី​ជាខ្លាំង ដូចជា​ម្រេច​កំពត គុយទាវ​ភ្នំពេញ និង​ស្ករត្នោត​កំពង់ស្ពឺ​។ ផលិតផល​ទាំងនេះ មិន​ត្រឹមតែ​ទទួលបាន​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានក្លាយ​ជា​ផលិតផល​ដែល​រួមចំណែក​ផ្សព្វផ្សាយ នូវ​សក្តានុពល​ទេសចរណ៍​របស់​ខេត្ត វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ប្រវត្តិសាស្ត្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​៕