សេដ្ឋកិច្ច

ចាប់ពី​ឆ្នាំ​២០២៩​ទៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ អាចឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ មកពី​ជុំវិញ​ពិភពលោក​ចូល​ចត​បាន​

ដោយៈសិរីមតី​

ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ​២០២៩​តទៅ នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ​មកពី​ជុំវិញ​ពិភពលោក អាច​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ​បាន​ដោយ​គ្មាន​ឧបសគ្គ​ជម្រៅ​ទឹក ទីតាំង​ផ្ទុក​កុង​ទី​ន័​រ ឬ​ប​ញ្ហ​ចំណត​នោះឡើយ​។​នេះ​ជាការ​បញ្ជាក់​របស់លោក លូ គឹមឈុន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​លោក​ លូ គឹមឈុន បានឱ្យដឹងថា ទន្ទឹមនឹង​សកម្មភាព​ពាណិជ្ជកម្ម ដឹកទំនិញ​ចេញចូល​រៀងរាល​ថ្ងៃនោះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​មមាញឹក​ក្នុងការ​អភិវឌ្ឍ​ទីតាំង​ចំណត ទីតាំង​ផ្ទុក​កុង​ទី​ន័​រ បង្កើន​ជម្រៅ​ផ្លូវទឹក​ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ការដឹកជញ្ជូន និង​ការសម្រេច​ឱ្យបាន​តាម​ផែនការ អនុញ្ញាតឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ធុន​ចូល​ចត​បាន​។ លោក​បញ្ជាក់ថា មហិច្ឆតា​នេះ​នឹង​សម្រេចបាន​នៅ​ឆ្នាំ​២០២៩​តទៅ​។​

​លោក​បានឱ្យដឹង​ផងដែ​រថា​៖ នៅ​ឆ្នាំ​២០២៤​ខាងមុខ រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ការធ្វើ​ផែ​ចំណត​ថ្មី​មួយទៀត ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្ទុក​កុង​ទី​ន័​រ​កើនឡើង ៣៥​ភាគរយ​បន្ថែមទៀត បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន​។ បច្ចុប្បន្ន នាវា​ដឹកទំនិញ​ធុន​ធំ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ បានតែ​ប្រមាណ​១៨​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០២៦ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងមាន​សមត្ថកិច្ច​ប្រហាក់ប្រហែល​ជាមួយ​កំពង់ផែ​ប្រទេស​ដទៃ​ក្នុង​តំបន់ និង​អាចឱ្យ​នាវា​ដឹកទំនិញ​ក្នុង​តំបន់​ប្រមាណ ៩៣​ភាគរយ​អាច​ចូល​ចត​បាន ដែល​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ថយចុះ​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយ​កុង​ទី​ន័​រ ព្រមទាំង​ធ្វើឱ្យ​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ជាតិ មានការ​កើនឡើង​បន្ថែមទៀត ហើយក៏​អាច​ទាក់ទាញ​វិនិយោគ​មក​ប្រទេស​កម្ពុ​ជាច្រើន​បន្ថែម ទៀត​ដែរ​។​


​លោក​បន្តទៀតថា នៅ​ឆ្នាំ​២០២៨ កម្ពុជា​នឹងធ្វើ​ផែ​ចំណត​មួយ​ថ្មី​ទៀត ដែលមាន​ជម្រៅ​ទឹក​១៦.៥​ម៉ែត្រ ដល់​ពេលនោះ​ទំនិញ​ដែល​ដឹក​ទៅមក​ជុំវិញ​ពិភពលោក ពិសេស​សហរដ្ឋអាមេរិក មួយចំណែក​នៃ​ទ្វីបអឺរ៉ុប ក៏ដូចជា​ទ្វីប​អា​ស៉ី នឹង​អាច​ចូល​ចត​ទៅមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ដោយ​ពុំមាន​ឧបសគ្គ​ជម្រៅ​ទឹក​ឡើយ​។​

​លោក​អគ្គនាយក លូ គឹមឈុន បាន​សង្កត់ធ្ងន់​ដែរ​ថា នៅ​ឆ្នាំ​២០២៩​ខាងមុខ​ន រាជរដ្ឋាភិបាល​នឹង​សាងសង់​ចំណត​កំពង់ផែ​ថ្មី​មួយទៀត ដែល មាន​ជម្រៅ​ទឹក​ដល់​ទៅ​១៧.៥​ម៉ែត្រ ដើម្បី​ធានាថា​នាវា​ដឹកទំនិញ​គ្រប់​ធុន​មកពី​ជុំវិញ​ពិភពលោក អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ទាំងអស់ ដោយ​ពុំមាន​ឧបសគ្គ​អ្វី​ទាំងអស់ រាប់ទាំង​ជម្រៅ​ទឹក ការចូល​ចត និង​ចំណត​ផ្ទុក​កុង​ទី​ន័​រ​។​

​លោក លូ គឹមឈុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចាប់ពី​ឆ្នាំ​២០២៦ គឺ​យើង​ប្រហាក់ប្រហែល​ជាមួយ​កំពង់ផែ​ប្រទេស​ជុំវិញ ហើយ​ចាប់ពី​ឆ្នាំ​២០២៩​ទៅ គឺ​យើង​ដូច​គេ​ដូច​ឯង​ដែរ​ហើយ ពេលនោះ​កប៉ាល់​មកពី​ជុំវិញ​ពិភពលោក នឹង​អាច​ចូល​ចត​នៅ​កំពង់ផែ​យើង​បាន​ទាំងអស់ ដោយ​ពុំមាន​ឧបសគ្គ​អ្វី​ទាំងអស់​»​។​

​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​សុទិដ្ឋិនិយម​ថា នៅពេល​នាវា​ដឹកទំនិញ​គ្រប់​ធុន អាច​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះ សីហនុ​បាន​ហើយ នោះ​នឹង​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ សមុទ្រ​ធ្លាក់ចុះ​ជាង​បច្ចុប្បន្ន ដែលជា​ហេតុ​នាំទៅដល់​ការបង្កើន​ភាព​ប្រកួតប្រជែង​ធំ​មួយ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ បង្កើន​ផលចំណេញ​ដល់​ផ្នែក​សេដ្ឋកិច្ច​រាប់រយ​លាន​ដុល្លារ​, លោក​ថា បើតាម​ការសិក្សា​គឺ​រហូតដល់​ជាង ៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ម្យ៉ាងទៀត វា​ក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស ឱ្យ​ចូលមក​បណ្ដាក់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ថែមទៀត​ដែរ ពីព្រោះ​ក្រុមហ៊ុន​របស់​ពួកគេ​នឹង​ងាយស្រួល ក្នុង​ការដឹក​វត្ថុធាតុដើម​ចូល និង​ដឹក​ផលិតផល​សម្រេច​ចេញទៅ​វិញ ដោយ​មិនចាំបាច់​ឆ្លងកាត់​បណ្ដាក់​ជាមួយ​កំពង់ផែ​ប្រទេស​ផ្សេង​ឡើយ​, នេះ​គឺជា​ផលចំណេញ​សម្រាប់​ជាតិ​យ៉ាង​ធំ​៕​