អន្តរជាតិ

អ្នកដំណើរជាង១០០នាក់ភ័យស្ទើរលស់ព្រលឹង ពេលបក្សីបុកស្លាបយន្តហោះឆេះ

ដោយ៖ សហការី 

អ្នកដំណើរចំនួន ១៦៧នាក់ ភ័យស្ទើរលស់ព្រលឹង ពេលយន្តហោះដែលពួកគេបានជិះចេញពីទីក្រុង Kathmandu ទៅកាន់ទីក្រុងឌូបៃ បានឆេះបន្ទាប់ពីបុកនឹងសត្វស្លាបមួយក្បាល។

បើតាមវីដេអូ​ខ្លីបបង្ហោះលើ​បណ្តាញអ៊ីនធឺណិត​បាន​បង្ហាញថា ឃើញមាន​អណ្តាត​ភ្លើងឆាបឆេះ​ចេញ​ពី​យន្តហោះ Boeing 737-800 ភ្លាមៗ​ បន្ទាប់​ពី​វា​បានហោះ​ឡើងចេញ​ពី​រដ្ឋធានី Kathmandu ប្រទេសនេប៉ាល់។ អណ្តាតភ្លើងជះចេញចំនួនពីរដងពីម៉ាស៊ីនមួយ ខណៈដែលម៉ាស៊ីនម្ខាងទៀត បានបញ្ចេញសំលេងដ៏ខ្លាំងពេលកំពុងហោះឡើង នៅពេលនោះដែរមានអណ្តាតភ្លើងកំពុងឆេះជះចេញពីម៉ាស៊ីនម្ខាងទៀត។ ចំណែកវីដេអូដែលបានថតពីជ្រុងម្ខាងទៀត បានបង្ហាញពីយន្តហោះហាក់ដូចជាផ្ទុះចេញជាអណ្តាតភ្លើងចំនួនពីរដងដែរ ប៉ុន្តែបន្ទាប់ពីអ្នកបើកយន្តហោះបានធ្វើការគ្រប់គ្រងចំហេះស្របតាមស្តង់ដារបច្ចេកទេស យន្តហោះអាចបន្តដំណើរបានតាមការគ្រោងទុកទៅកាន់ទីក្រុងឌូបៃ។

ហេតុការណ៍នេះបានធើ្វឲ្យអ្នកដំណើរជាង១០០នាក់មានការភ័យរន្ធត់យ៉ាងខ្លាំង នៅពេលដែលពួកគេដឹងពីហេតុការណ៍ខាងលើនេះ។ តែពួកគេនឹងមិនជ្រួលច្របល់នោះទេ ដោយពួកគេស្តាប់តាមការណែនាំរបស់អ្នកបំរើការនៅលើយន្តហោះនោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធីជើងហោះហើរទៅកាន់ឌូបៃបានបញ្ជាក់ប្រាប់ MailOnline ថា ជើងហោះហើរលេខ FZ 576 បានមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុង Dubai International នៅពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍បានថ្លែងថា “ជើងហោះហើរលេខ Flydubai FZ 576 នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ពីអាកាសយានដ្ឋាន Kathmandu (KTM) បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Dubai International (DXB) នៅវេលាម៉ោង ០០:១១ ម៉ោងក្នុងស្រុក បន្ទាប់ពីបុកសត្វបក្សីក្នុងអំឡុងពេលហោះចេញពីទីក្រុង Kathmandu ប្រទេសនេប៉ាល់។

ក្រុមហ៊ុនអាកាសចរណ៍បានថ្លែងថា “នាវិកដែលបញ្ជាការហោះហើរប្រកបទៅដោយបទពិសោធន៍ បានប្រតិបត្តិការស្របតាមស្តង់ដារបច្ចេកទេស ហើយបញ្ជាការហោះហើរបន្តដំណើរទៅមុខ ដោយបានគ្រប់គ្រងម៉ាស៊ីនឲ្យស្ថិតនៅក្នុងប៉ារ៉ាម៉ែត្រប្រតិបត្តិការធម្មតាប្រកបដោយសុវត្តភាព។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយទៀតថា ជារឿយៗការវាយប្រហារដោយសត្វបក្សីអាច​បណ្តាលឲ្យយន្តហោះផ្ទុះឆេះ។ មានយន្តហោះ Boeing 737 មួយគ្រឿងទៀត ត្រូវបានបង្ខំឲ្យហោះត្រឡប់ទៅរដ្ឋ Ohio វិញ ហើយត្រូវបានចុះចតជាបន្ទាន់ម្តងរួចមកហើយកាលពីពេលមុន៕