សេដ្ឋកិច្ច

ក្រសួងសុខាភិបាល​​អនុញ្ញាតិ​ឱ្យមាន​ការបង្កើត​មន្ទីរពេទ្យ គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​ទំនើប ដើម្បី​បំពេញ​សេចក្តីត្រូវការ​ផ្នែក​សេវា​សុខាភិបាល

​ដោយៈ​សិរីមតី
ភ្នំពេញ​៖ក្រសួងសុខាភិបាល​បាន​អនុញ្ញាតិ​ឱ្យមាន​ការ បង្កើត​មន្ទីរពេទ្យ ឬ​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​ទំនើប ដើម្បី​បំពេញ​សេចក្តីត្រូវ​ការ​ផ្នែក​សេវា​សុខាភិបាល​ចូលរួម​កាត់បន្ថយ​នូវ​ការស្វែងរក​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស ដែលមាន​បន្ទុក​ចំណាយ​ខ្ពស់​សម្រាប់ ពលរដ្ឋ​កម្ពុជា​។​នេះ​ជាប្រសាសន៍លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល។

​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​លោក​ស្រី​រដ្ឋលេខាធិការ បានមានប្រសាសន៍ថា៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​កែលំអ​ប្រព័ន្ធ​សុខាភិបាល​បន្ថែម ដើម្បី​បំពេញតម្រូវការ​សេវា​ពិនិត្យ និង​ព្យាបាល​​ជូន​ដល់​ប្រជាជន​ឱ្យបាន​ទាន់ពេលវេលា មាន​បច្ចេកទេស​កាន់តែ​ទំនើប​ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​វេជ្ជ​សា​ស្ត្រក្នុង​បរិបទ​សុខាភិបាល​ឌីជីថល​ជំរុញ​ការផ្តល់សេវា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​។​នេះ​ជាការ​លើកឡើង​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិកា​ក្រសួងសុខាភិបាល​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​វ​ជ្ជ​សា​ស្ត​សាន់​រ៉ា​យស៍​សែន​សុខ​កាល​ពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។​

លោកស្រីបាន​លើកទឹកចិត្ត​ដល់​មជ្ឈមណ្ឌល​សាន់​រ៉ា​យស៍​សែន​សុខ ក៏ដូចជា​មន្ទីរពេទ្យ និង​គ្លីនិក ឬ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឯកជន​នានា ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ដំណើរការ​នៅ​កម្ពុជា ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ឱ្យ​បានជា​អតិបរមា រៀបចំ​ដោយ​យកចិត្តទុកដាក់​តាម​ក្បួនខ្នាត​ទាំង​ផ្នែក​បច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាល​ធនធាន​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ការងារ​គ្រប់គ្រង និង​ការ ថែទាំ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រឹមត្រូវ ដើម្បី​ធានា​នូវ​ការផ្តល់សេវា​របស់ខ្លួន​នឹង​ទទួលបាន​នូវ​គុណភាពនិង​សុវត្ថិភាព ស្របតាម​ស្តង់ដារ​អប្ប​បរ​មា​សម្រាប់​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​ទើបតែ​ត្រូវ​បានដាក់ ឱ្យប្រើ​ប្រាស់​នាពេល​ថ្មីៗ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​សុខា​ភិបាល ២០២៣ ដល់ ២០៣០​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា​«​មូលដ្ឋាន​សុខាភិបាល​ឯកជន នៅតែ​ជា​ដៃគូ​អភិវឌ្ឍ​សុខាភិបាល ដែល​ស្ថិតនៅក្នុង​ប្រព័ន្ធ​សុខាភិបាល ដែល​តម្រូវឱ្យ​មានការ​ពង្រឹងគុណភាព​សេវា និង​ត្រូវតែ​ផ្តល់​សេវា​ដែលមាន​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាជន​នៅ​ព្រះរាជា​ណា​ច​ក្កម្ពុជា​ដោយ​មិន​គិតពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​

​ក្នុងនាម​ក្រសួងសុខាភិបាល លោកស្រី​សង្ឃឹមថា​« វត្តមាន​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាន់​រ៉ា​យស៍​សែន​សុខ​នាពេលនេះ និង​តទៅ​អនាគត​នឹងធ្វើ​ឱ្យ​ការផ្ដល់សេវា​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង និង​បង្ក​ភាព​ភាពងាយស្រួល មាន​ប្រសិទ្ធភាព​ខ្ពស់ និងទទួលបាន​ទំនុកចិត្ត​ពី​ប្រជាជន​ហើយក៏​នឹង​អាចជួយ​ជំរុញ​ឱ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​រីកចំរើន​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រទេសជាតិនិង​ប្រជា​ជន​​កម្ពុជា​»​។​

លោក កា​ម៉ាតៈ ខ​យ៉ា (Kamata Keiya) ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​មន្ទីរពេទ្យ សាន់​រ៉ា​យស៍​ភ្នំពេញ បាន​ថ្លែងថា​៖​មន្ទីរពេទ្យ​Sunrise បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៦​ហើយ​ឥឡូវនេះ​ជា​ឆ្នាំ​ទី​៧​នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។​នៅពេលនេះ​ពួកយើង​បានសម្រេច​ចិត្ត​បង្កើត​មជ្ឈមណ្ឌល​ពិនិត្យ​សុខភាព​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ដើម្បី​ផ្តល់​សេវា​សុខភាព​កាន់តែ​ទំនើប ងាយស្រួល ប្រកបដោយ​គុណភាព និង​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​សាន់​រ៉ា​យស៍​សែន​សុខ​ល​មាន​សេវាកម្ម​ដូចជា​៖​ផ្នែក​ពិនិត្យ​សុខភាព ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ថែទាំ​បន្ទាន់ និង​វះកាត់​ខ្នាតតូច ការពិនិត្យ រោគវិនិច្ឆ័យ​៖ រូបភាព​វេជ្ជសាស្ត្រ និង​មន្ទីរពិសោធន៍ ការចាក់​ថ្នាំ​បង្ការ ជាដើម​។​ចាប់តាំងពី​ឆ្នាំ​២០១៦ មក មន្ទីរពេទ្យ Sunrise Japan Phnom Penh បាន​ប្តេជ្ញា​បម្រើប្រជាជន​កម្ពុជា​តាម​រយៈ​ការផ្តល់សេវា​វេជ្ជសាស្ត្រ​លំដាប់​ពិភពលោក​។ ក្នុង​រយៈពេល ៧ ឆ្នាំ​នៃ​ប្រតិបត្តិការ​យើង​បានផ្តល់​សេវា​ពិនិត្យ​សុខភាព​ច្រើនជាង ២៥,០០០​រៀងរាល់ឆ្នាំ​។​

​វេជ្ជបណ្ឌិត ហុង ឆាយ នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​សាន់​រ៉ា​យស៍​សែន​សុខ​បាន​មានប្រសាសន៍ថា​៖​បេសកកម្ម​របស់​យើង​សម្រាប់​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ Sunrise គឺ​ដើម្បី​ធានាថា​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ទទួលបាន​សេវា​វេជ្ជសាស្ដ្រ​ល្អ​បំផុត​ត្រឹម​តែមួយ​ជំហាន​ប៉ុណ្ណោះ​ពី​ផ្ទះ​។​
​មជ្ឈមណ្ឌល​ថ្មី​នេះ​គឺជា​គ្លីនិក​ទំនើប​បំផុត​ដែលមាន​គោលបំណង​ព​ន្លឿ​ន​ការផ្តល់​ការពិនិត្យ​សុខភាព​បង្ការ​ជាមួយនឹង​ជម្រើស​ពិនិត្យ​សុខភាព​ជាច្រើន​។ យើង​នឹង​ណែនាំ​មនុស្ស​ក្នុងការ​សម្រេចចិត្ត​ដោយ​ឈ្លាសវៃ​តាម​តម្រូវការ​សុខភាព​រប​ស់​ពួកគេ​។​ការផ្តួចផ្តើម​គំនិត​នេះ​គឺ​ដើម្បី​ការពារ​ជីវិត​និង​ធ្វើឱ្យមាន​សុខ​ភាពល្អ​សម្រាប់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​ប្រជាជន​នឹង​ឆ្លងកាត់​បទពិសោធន៍​ថែទាំ​សុខភាព ដ៏​ធំ​ទូលាយ ជាមួយនឹង​តម្លៃ​សមរម្យ​និង​បរិយាកាស​ប្រកបដោយ​ផាសុកភាព​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សាន់​រ៉ា​យ ប្តេជ្ញា​ផ្តល់​សេវាកម្ម​ល្អ​បំផុត​ដើម្បី​បំពេញចិត្ត​របស់​ប្រជាពលរដ្ឋ តាមរយៈ​ចំណុច​សំខាន់ៗ​ចំនួន ៤៖១- តម្លៃ​សមរម្យ​,២-​សេវាកម្ម​រហ័ស ៣-​គុណភាព​ខ្ពស់​និង​ទី​៤- ផាសុកភាព​៕