អន្តរជាតិ

អាល្លឺម៉ង់ប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសកំពូលអាម៉េរិក Patriot និងរថយន្តល្បាតដល់អ៊ុយក្រែន

ប្រទេសអាល្លឺម៉ង់បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសកំពូលអាម៉េរិក Patriot ព្រមទាំងរថយន្តល្បាត​យោធាផ្សេងៗទៀតដល់អ៊ុយក្រែន។

នេះដោយយោងតាមទៅតាមគេហទំព័ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានដកស្រង់ដោយកាសែត Pravda អឺរ៉ុប។ ជំនួយប្រព័ន្ធការពារដែនអាកាសកំពូល Patriot នេះ ធ្វើឡើងតាំងពីសប្តាហ៍មុនមក តែទើបតែមកប្រកាសពីការដឹកជញ្ជូនសម្រាប់អ៊ុយក្រែននៅសប្តាហ៍នេះ។ ក្រៅពីប្រព័ន្ធការពារដែនអាកាស និងកាំជ្រួចប្រឆាំងដែនអាកាសទុកសម្រាប់បាញ់ទម្លាក់ ឬស្ទាក់ចាប់យន្តហោះរុស្ស៊ី ភាគីអាល្លឺម៉ង់ក៏បានផ្តល់នូវរថយន្ត Zetros ចំនួន១៦គ្រឿង និងរថយន្តល្បាតព្រំដែនចំនួន២គ្រឿងពីលើបន្ថែមទៀតដល់អ៊ុយក្រែន។

ដូចដែលបានដឹងហើយថា មិនមែនមានតែអាល្លឺម៉ង់ទេ សហរដ្ឋអាម៉េរិកគឺជាអ្នកដំបូងគេបង្អស់ដែលបានប្រកាសពីការផ្ទេរប្រព័ន្ធ Patriot ទៅអ៊ុយក្រែន ពោលគឺក្នុងខែធ្នូ ឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាបន្ទាប់។ លើសពីនេះ ហូឡង់ថាខ្លួនក៏នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីរគ្រឿង និងកាំជ្រួចមួយចំនួនដល់អ៊ុយក្រែនផងដែរ។ នៅចុងខែមីនា យោធាអ៊ុយក្រែនបានបញ្ចប់ការហ្វឹកហ្វឺនលើប្រព័ន្ធការពារដែនអាកាស Patriot នៅសហរដ្ឋអាម៉េរិក ដែលលឿនជាងការរំពឹងទុក៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖ Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា