ព័ត៌មានជាតិ

កូនផ្សោតមួយក្បាលទើបកើតថ្ងៃចូលឆ្នាំថ្មីនៅអន្លង់កាំពីខេត្តក្រចេះ

ភ្នំពេញ៖កូនផ្សោតមួយក្បាលទើបនឹងកើតថ្ងៃចូលឆ្នាំថ្មីកន្លងទៅ នៅអន្លង់កាំពីទន្លេមេគង្គខេត្តក្រចេះ ត្រូវបានគេប្រទះឃើញហែលក្នុងហ្វូងផ្សោតដទៃទៀត។

កាលពីរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ថ្ងៃទី២នៃថ្ងៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពីបានប្រទះឃើញ​កូនផ្សោតទើបកើតថ្មី១ក្បាល កំពុងហែលជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកបើកទូកបានរាយការណ៍ជូនប្រធានឆ្មាំទន្លេ,មន្ត្រីជលផលខេត្តក្រចេះនិងបុគ្គលិកអង្គការ WWFដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្ត។មន្ត្រីដដែលបានឱ្យដឹងទៀតថា ក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី។ក្នុងនោះតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ៣ថ្ងៃប៉ុណ្ណោះ។នេះជាកូនផ្សោតទី២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕ដោយ៖វិចិត្រ