សន្ដិសុខសង្គម

បញ្ឈរជើងនិងពិន័យមន្ត្រី​នគរបាល៣​រូប ករណីចាប់រថយន្តឆ្លងស្តុបពណ៌បៃតង

​ភ្នំពេញ​៖មន្ត្រីនគរបាលចរាចរណ៍២រូបនិងមន្ត្រីជាប់កិច្ចសន្យា១រូប ត្រូវថ្នាក់លើដកបញ្ឈរជើង និងដាក់ពិន័យ ករណីចាប់រថយន្តឆ្លងភ្លើងស្តុបដែលគ្មានកំហុស។

​តាមក្រុមការងារ​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស ​នៃ​នគរបាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹងកាលពី​រសៀល​ថ្ងៃ​ទី១៨ មេ​សា​​ថា ករណី​មន្ត្រី​ចរាចរណ៍​២​រូបនិង​មន្ត្រីជាប់​កិច្ចសន្យា​១​រូប ​បាន​ឃាត់​​រថយន្ត​មិន​បាន​ត្រឹមត្រូវ​​ ខណៈ​ភ្លើង​សញ្ញា​ចរាចរណ៍ពណ៌​បៃតង​។បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមរួចមក ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យផ្នែកជំនាញមានចំណាត់ការ។

ក្រុមការងារ​ក៏​​ចុះស្រាវជ្រាវរកឃើញ​មន្ត្រី​ចរាចរណ៍​​គោលដៅ​ស្ដុ​ប​ស្ពាន​អាកាស៥​មក​រា ហើយបានកោះហៅឱ្យ​ចូលខ្លួន​បំភ្លឺ។ បន្ទាប់​ពី​សាកសួរ​​មន្ត្រី​ខាងលើក៏​បាន​សារភាព​ហើយ​ទទួលស្គាល់​កំហុស​ ដោយ​បាន​ឃាត់​រថយន្ត​ម៉ាក​Lexus RX300 ពេល​ភ្លើង​សញ្ញា​ចរាចរណ៍ពណ៌​បៃតងពិត​មែន​។

ក្រោយមក​មន្ត្រី​នគរបាលចរាចរណ៍​៣រូបនោះ ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង ​ដោយបាន​ណែនាំ​អប់រំ ធ្វើកិច្ចសន្យា និង​ដក​​បញ្ឈរជើង​។ជាមួយនោះ​ត្រូវ​បង្ហាញមុខ​​ជា​រៀង​រាល់ថ្ងៃ​ម៉ោង​ធ្វើការ ព្រមទាំង​ចេញ​លិខិត​ព្រមាន​ជា​លើក​ទី​១ ក្នុង​ការ​អនុវត្ត​ខុស​ពី​ច្បាប់​ដែល​បាន​កំណត់​៕​ដោយ៖វិចិត្រ