អន្តរជាតិ

សិង្ហបុរីសងជំងឺចិត្តជាង១៦ម៉ឺនដុល្លារដល់អ្នកស្លាប់ដោយការចាក់វ៉ាក់សាំងCovid-19

ដោយ៖ សហការី

ប្រទេសសិង្ហបុរីបានសងជំងឺចិត្ត ១៦៩,០០០ដុល្លារអាម៉េរិកដល់ស្រ្តីជនជាតិហ្វីលីពីនម្នាក់ដែលបានស្លាប់​​ ដោយសារការចាក់វ៉ាក់សាំងការពារជំងឺ Covid-19។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា មានស្ត្រីម្នាក់ដែលបានស្លាប់ប្រហែល ៤ថ្ងៃ បន្ទាប់ពីបានទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ត្រូវបានផ្តល់ប្រាក់សំណងជំងឺចិត្តចំនួន ២២៥,០០០ ដុល្លារសិង្ហបុរី ស្មើរនឹង ១៦៩,០០០ ដុល្លារអាម៉េរិកដល់ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ។

នាង Ontal Charlene Vargas មកពីប្រទេសហ្វីលីពីន បានស្លាប់នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១។ ការស្លាប់របស់នាងគឺបណ្តាលមកពីជំងឺ ម៉ាយអូខាដាយធីស (myocarditis) ឬហៅថារលាកបេះដូង ដែលតុលាការរបស់គ្រូពេទ្យបានបើកសវនាការកាលពីថ្ងៃសុក្រ។ អ្នកពិនិត្យសុខភាពរដ្ឋ Adam Nakhoda បានរកឃើញថា ការស្លាប់នេះវាទាក់ទងទៅនឹងការចាក់វ៉ាក់សាំង Covid-19 ។

កាលពីថ្ងៃអាទិត្យក្រសួងសុខាភិបាលបាននិយាយថា គ្រួសាររបស់ Vargas បានដាក់ពាក្យស្នើសុំជំនួយ និងរកយុត្តិធម៌ពីរដ្ឋាភិបាលសិង្ហបុរីនៅក្នុងខែមករា ឆ្នាំ ២០២៣ ហើយត្រូវបានពិនិត្យដោយក្រុមគ្លីនិក​ឯករាជ្យ។ ក្រសួងបន្ថែមទៀតថា “គណៈកម្មការវាយតម្លៃលើមរណភាពរបស់នាងបានថ្លែងថា ប្រហែលជាទាក់ទងទៅនឹងការចាក់វ៉ាក់សាំង Covid-19 ដូច្នេះហើយគ្រួសារស្រ្តីខាងរងគ្រោះខាងលើ​បានទទួលជំនួយផ្នែកហិរញ្ញវត្ថុសរុបក្នុងចំនួនទឹកប្រាក់២២៥,០០០ដុល្លារសិង្ហបុរី ត្រូវបានផ្តល់ជូនដល់គ្រួសាររបស់នាងនៅក្នុងប្រទេសហ្វីលីពីន។

Vargas អាយុ ៤៣ឆ្នាំ នាងបានទទួលវ៉ាក់សាំង Comirnaty របស់ Pfizer-BioNTech ចាក់នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១។ ហើយនៅក្នុងរយៈពេល ៤២នាទី ក្រោមការតាមដាននៅគ្លីនិកសង្កេតឃើញថា នាងមិនមានអាការអ្វីជាសញ្ញាបង្ហាញពីផលប៉ះពាល់នោះឡើយ។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា វាគឺជា​ការ​ស្លាប់​លើក​ទី​ពីរដែលមានជាប់​ទាក់​ទងទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង Covid-19 នៅ​សិង្ហបុរី។ ករណីទីមួយគឺជាបុរសជនជាតិបង់ក្លាដែស អាយុ ២៨ឆ្នាំបានស្លាប់ដោយសារជំងឺ myocarditis ក្នុងខែកក្កដា ឆ្នាំ ២០២១ ប្រហែល ៣សប្តាហ៍បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង៕