សន្ដិសុខសង្គម

ផ្ទុះអាវុធមួយប្រាវខាងនគរបាលរបួសម្នាក់ ក្រុមចោរប្លន់ស្លាប់២នាក់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ បានផ្ទុះអាវុធមួយប្រាវជាមួយក្រុមចោរប្លន់ បណ្តាលឱ្យនគរបាល​ម្នាក់រងរបួស រីឯខាងចោរប្លន់បានស្លាប់២នាក់។ហេតុការណ៍ផ្ទុះអាវុធ​បាញ់តដៃគ្នារវាងនគរបាលជាមួយក្រុមចោរនៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងប្រមាណជាង​១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ សមត្ថកិច្ចជំនាញក្ដាប់បាននូវ​មុខសញ្ញាជនល្មើស។ជនសង្ស័យពួកគេឋិតក្នុងក្រុមចោរប្លន់-កាច់កម៉ូតូនិងលួចរថយន្ដកន្លងមក។ ពេលឡោមព័ទ្ធស្រាប់តែក្រុមនេះបានបាញ់ស្រោចមកលើសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាល​ម្នាក់រងរបួសជើង។

ពេលនោះ កម្លាំងជំនាញបានប្រើប្រាស់សិទ្ធិការពារខ្លួននិងបានបាញ់តបតទៅលើក្រុមជនល្មើសវិញ បណ្ដាលឱ្យខាងជនសង្ស័យស្លាប់២នាក់នៅនឹងកន្លែង។បន្ទាប់មកនគរបាលខណ្ឌពោធិ៍សែនជ័យ​និងនគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវរកបក្ខពួកបន្តទៀត៕ដោយ៖វិចិត្រ