អន្តរជាតិ

ចិនហាមនាវាចរណ៍នៅសមុទ្រលឿង ប្រកាសបញ្ចេញយន្តហោះចម្បាំង និងនាវានៅជុំវិញកោះតៃវ៉ាន់

មហាយក្សចិនបានចេញសេចក្តីប្រកាសហាមប្រាមការធ្វើនាវាចរណ៍នៅសមុទ្រលឿង នៅថ្ងៃ​ដើមសប្តាហ៍នេះ ខណៈខ្លួននឹងដាក់ពង្រាយយន្តហោះចម្បាំង និងនាវាច្រើនគ្រឿងជុំវិញកោះតៃ​វ៉ាន់។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ Shandong របស់ចិននៅល្ងាចថ្ងៃចន្ទ (១៧ មេសា) បានចេញការព្រមានអំពីការធ្វើនាវាចរណ៍ ដោយបញ្ជាក់ថា “សកម្មភាពយោធាសំខាន់ៗ” នឹងត្រូវធ្វើឡើងនៅសមុទ្រលឿង ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២ យប់នៅថ្ងៃអង្គារ (១៨ មេសា) ។ ដូច្នេះការរុករកនៅក្នុងតំបន់ដែលបានកំណត់ក្នុងអំឡុងពេលនេះ នឹងត្រូវបានហាមឃាត់ ប៉ុន្តែមិនបានបញ្ជាក់ថាតើសកម្មភាពយោធាបែបណានឹងត្រូវបានអនុវត្តនោះទេ។

ក្រសួងការពារជាតិតៃវ៉ាន់ (MND) នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសថា យន្តហោះយោធាកងទ័ពអាកាសរំដោះប្រជាជន (PLAAF) ចំនួន ១២ និងនាវាកងទ័ពរំដោះប្រជាជន (PLAN) ចំនួន ៤ ត្រូវបានតាមដានយ៉ាងហ្មត់ចត់ជុំវិញកោះតៃវ៉ាន់ ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃចន្ទ ដល់ម៉ោង ៦ ព្រឹកថ្ងៃអង្គារ។ ក្នុង​ចំណោម​យន្តហោះ​នោះ មាន​៤​គ្រឿង​បាន​ចូល​ក្នុង​ផ្នែក​និរតី​នៃ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) របស់​តៃវ៉ាន់។ ចំណែកយន្តហោះដែលត្រូវបានតាមដាន​នៅក្នុង ADIZ រួមមានយន្តហោះឈ្លបយកការណ៍ Shaanxi Y-8 Reconnaissance (RECCE) ១គ្រឿង យន្តហោះចម្បាំងប្រឆាំងនាវាមុជទឹក Shaanxi Y-8 (ASW) ១គ្រឿង និងយន្តហោះគ្មានមនុស្សបើក Guizhou WZ-7 Soaring Dragon RECCE ២គ្រឿង។ យន្តហោះ Y-8 ត្រូវបានរកឃើញនៅជ្រុងភាគនិរតីនៃ ADIZ ខណៈពេលដែលយន្តហោះគ្មានមនុស្សបើកផ្សេងទៀតត្រូវបានតាមដានទៅភាគឦសាននៃកោះ Dongsha ។

សូមរំលឹកជាថ្មីផងដែរថា បន្ទាប់ពីជំនួបដ៏សំខាន់របស់ប្រធានាធិបតី Tsai Ing-wen (蔡英文) ជាមួយប្រធានសភាអាម៉េរិក Kevin McCarthy ចិនបានខឹងសងសឹកដោយចាប់ផ្តើមសមយុទ្ធ “Joint Sword” រយៈពេលបីថ្ងៃនៅជុំវិញកោះតៃវ៉ាន់ចាប់ពីថ្ងៃទី ៨-១០ខែមេសា។ ប្រទេសចិនក៏បានដាក់​តំបន់គ្មានការហោះហើរភាគខាងជើងនៃកោះតៃវ៉ាន់ បានបាញ់បង្ហោះរ៉ុក្កែត Long March 4B នៅថ្ងៃអាទិត្យ (១៦ មេសា) និងដាក់ផ្កាយរណបឃ្លាំមើលទៀតផង៕

ប្រភព៖ Taiwan news

ប្រភពរូប៖Taiwan news
ប្រែសម្រួល៖សុខ តុលា