បច្ចេកវិទ្យា

ក្រុមហ៊ុន SpaceX កំណត់យកថ្ងៃព្រហស្បតិ៍សម្រាប់ការបាញ់សាកល្បងរ៉ុក្កែតធុនធ្ងន់បំផុត Starship ក្រោយខកខានថ្ងៃចន្ទ

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីអាម៉េរិក Elon Musk បានកំណត់យកថ្ងៃថ្មីថ្ងៃព្រហស្បតិ៍​សម្រាប់ការបាញ់សាកល្បងនូវរ៉ុក្កែតធុនធ្ងន់ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន បន្ទាប់ពីខកខានមិនបានបាញ់នៅថ្ងៃចន្ទ។

SpaceX បាននិយាយថា ការបាញ់បង្ហោះដែលបានគ្រោងទុកកាលពីថ្ងៃចន្ទទី ១៧ ខែមេសា ដើមសប្តាហ៍នេះ នៃគ្រាប់រ៉ុក្កែតដ៏ធំសម្បើមលើកដំបូងត្រូវបានផ្អាក ១០ នាទីមុនពេលការបាញ់បង្ហោះដែលបានគ្រោងទុក ដោយសារតែបញ្ហាបច្ចេកទេស។ ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បាននិយាយថា សន្ទះបិទបើកសម្ពាធទឹកកកបានបង្ខំឱ្យការ​បាញ់បង្ហោះដែលត្រូវបានគ្រោងទុកនៅម៉ោង ៨ និង២០នាទីព្រឹកម៉ោងក្នុងស្រុកនៅរដ្ឋតិចសាស់ថ្ងៃចន្ទចេញពី Starbase នៅ Boca Chica ត្រូវបានពន្យារ។ Musk បានសរសេរនៅលើ Twitter ថា “បានរៀនច្រើននៅថ្ងៃនេះ ឥឡូវនេះកំពុងផ្ទុកឧបករណ៍ជំរុញ ហើយព្យាយាមម្តងទៀតក្នុងរយៈពេលពីរបីថ្ងៃទៀត” ។

តាមការជូនដំណឹងបន្ថែម SpaceX បាននិយាយនៅលើ Twitter ថា បង្អួចនឹងបើកដំណើរការថ្មីនៅថ្ងៃព្រហស្បតិ៍នៅម៉ោង ៨ និង២៨នាទីព្រឹកម៉ោងនៅរដ្ឋតិចសាស់ ដោយនឹងមានរយៈពេល ៦២ នាទី។ គួរដឹងថា ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានជ្រើសរើសយានអវកាស Starship ដើម្បីបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅចុងឆ្នាំ ២០២៥ខាងមុខនេះហើយ ដោយវានឹងក្លាយជាបេសកកម្មដែលគេស្គាល់ថា Artemis III លើកដំបូងចាប់តាំងពីកម្មវិធី Apollo បានបញ្ចប់ក្នុងឆ្នាំ ១៩៧២។ តួ Starship មានកម្ពស់ ១៦៤ ហ្វីត (៥០ ម៉ែត្រ) ដែលត្រូវបានរចនាឡើងដើម្បីដឹកមនុស្ស និងទំនិញ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា