សេដ្ឋកិច្ច

ក្រុមហ៊ុន​៥ វិនិយោគ​ជាង​១០៣​លាន​ដុល្លារ​លើ​វិស័យ​ផ្សេងគ្នា​

ដោយៈសិរីមតី

​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​៥ បានសម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​១០៣​លាន​ដុល្លារ​លើ​វិស័យ​ផ្សេងៗ​គ្នា​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​, គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​សាងសង់​រោងចក្រ​កែច្នៃ ,​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក​។​

​គម្រោង​វិនិយោគ​ទាំងនេះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ព្រះវិហារ ខេត្តតាកែវ និង​កំពង់ស្ពឺ និង​ន​ង្កើ​ត​ការងារ​ជាង​១៣០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១- “EASTERN RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​ទុនវិនិយោគ​ប្រមាណ ៧៣,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៩​កន្លែង​។​
២- “RITHY RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដើម​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅ​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ក្នុង​ទុនវិនិយោគ​ប្រមាណ ១២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។​
៣- “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៥​កន្លែង​។​
៤- “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៧៥​កន្លែង​។​
៥- “EBELNO (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥១​កន្លែង​៕