អន្តរជាតិ

រុស្ស៊ីសងសឹកកាណាដាដាក់ទណ្ឌកម្មមន្ត្រីកាណាដា ៣៣៣ នាក់

រុស្ស៊ីសងសឹកដាក់ទណ្ឌកម្មមន្រ្តីកាណាដាជាង៣០០នាក់ ជុំវិញការចូលដៃជាមួយអាម៉េរិកធ្វើបាបខ្លួន រឿងឈ្លានពានប្រទេសអ៊ុយក្រែន។

បើតាមការចេញផ្សាយដោយក្រសួងការបរទេសរបស់រុស្ស៊ី បញ្ជីទណ្ឌកម្មក្នុងចំណោមមន្រ្តី និងឥស្សរជនកាណាដា ៣៣៣នាក់ រួមមានទាំងអគ្គទេសាភិបាលកាណាដា Mary Simon សមាជិកជាង ២៥០ នៃសភានីតិបញ្ញត្តិតំបន់ និងអត្តពលិកកាណាដារាប់សិបនាក់ដែលបានគាំទ្រជាសាធារណៈ ចំពោះការហាមឃាត់អត្តពលិករុស្ស៊ីចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ ផងដែរ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការនេះត្រូវបានរៀបចំឡើងក្នុងគោល បំណង សំខាន់គឺចង់ឲ្យអ្នកនៅក្នុងបញ្ជីខ្មៅឱ្យផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេឡើងវិញ”។

គួរសង្កេតថា រុស្ស៊ីតែងតែដាក់ទណ្ឌកម្មបែបនេះមិនមានអ្វីចម្លែកទេលើមន្ត្រីលោកខាងលិច និងបុគ្គលដែលមានឋានៈខ្ពស់ ចាប់តាំងពីលោកខាងលិចបានកំណត់គោលដៅបុគ្គលរុស្ស៊ីរាប់រយនាក់ ជុំវិញការឈ្លានពានលើប្រទេសអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា