អន្តរជាតិ

ភ្លើងឆេះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅរដ្ឋតិចសាស់អាម៉េរិកសម្លាប់គោជិត២ម៉ឺនក្បាល

អគ្គិភ័យឆាបឆេះកសិដ្ឋានចិញ្ចឹមគោទឹកដោះមួយកន្លែងនៅរដ្ឋតិចសាស់សហរដ្ឋអាម៉េរិកសម្លាប់គោជិត២ម៉ឺនក្បាលនៅសប្តាហ៍នេះ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា សត្វគោជាង ១៨០០០ ក្បាលត្រូវបានសម្លាប់ និងកម្មករម្នាក់​បានរងរបួសនៅក្នុងអគ្គិភ័យដ៏ធំមួយ នៅឯកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ South Fork Dairy ស្ថិតនៅរដ្ឋតិចសាស់សហរដ្ឋអាម៉េរិកកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ មន្ត្រីបានប្រាប់ប្រភព KFDA ថាមានតែគោមួយចំនួនតូចប៉ុណ្ណោះដែលបានរួចរស់ជីវិតពីសោកនាដកម្មនេះ។ លោក Sal Rivera អធិការប្រចាំតំបន់ Castro County បាននិយាយនៅសប្តាហ៍នេះថា “មានគោខ្លះដែលនៅរស់រានមានជីវិត ខ្លះទៀតប្រហែលជារបួសធ្ងន់ធ្ងរ”។

យោងតាមការិយាល័យតម្រួតKAMR បាននិយាយថា កម្មករដែលរងរបួសត្រូវបានជាប់នៅក្នុងអគារ ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយក្រុមពន្លត់អគ្គិភ័យ និងបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យ Lubbock ដែលមានចម្ងាយប្រហែល ៨០ ម៉ាយពីកន្លែងកើតហេតុ។

វិទ្យាស្ថានសុខុមាលភាពសត្វបានប៉ាន់ប្រមាណថា ឧបទ្ទវហេតុនេះគឺជាភ្លើងឆេះជង្រុកសិដ្ឋាន​ដ៏សាហាវបំផុតនៅរដ្ឋតិចសាស់ ដែលបានសម្លាប់សត្វគោច្រើនជាងគេចាប់តាំងពីការ​តាមដានភ្លើងនៅឆ្នាំ ២០១៣ ។

ជុំវិញមូលហេតុនៃការឆេះ ភ្នាក់ងារពាក់ព័ន្ធកំពុងស៊ើបអង្កេតអស់រយៈពេលច្រើនថ្ងៃមកហើយ ដោយបានដាក់ការសន្និដ្ឋានថា វាបណ្តាលមកពីម៉ាស៊ីនបច្ចេកទេសនៃកសិដ្ឋានដំណើរការខុសប្រក្រតី និងបណ្តាលឲ្យមានការផ្ទុះ៕

ប្រភព៖  New York Post

ប្រភពរូប៖New York Post
ប្រែសម្រួល៖សុខ តុលា