ព័ត៌មានជាតិ

អាជ្ញាធរឱ្យកាយផ្តាច់ទំនប់ធ្វើជាផ្លូវឆ្លងកាត់ទន្លេតូចស្រុកកោះសូទិនចេញវិញ

ដោយ៖ គង់ហេង

កំពង់ចាម៖ អាជ្ញាធរស្រុកកោះសូទិនបានសម្រេចអនុញ្ញាត ឱ្យកាយផ្តាច់ទំនប់ដែលបានទប់ធ្វើជាផ្លូវឆ្លងកាត់ទន្លេតូចក្នុងស្រុកកោះសូទិន ពីត្រើយម្ខាងមកកាន់ត្រើយម្ខាងនោះចេញហើយ បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅតាមដងទន្លេនេះផ្ទុះការតវ៉ាកាលពីថ្ងៃទី ១១ មេសា ២០២៣។

លោក យិន វណ្ណៈ អភិបាលស្រុកកោះសូទិនបានឱ្យដឹងកាលពីថ្ងៃទី ១១ មេសាថា៖ករណីនេះខាងលោកបានពិភាក្សា ជាមួយអាជ្ញាធរស្រុកជាប់ទន្លេតូច របស់ខេត្តកណ្តាល និងខេត្តព្រៃវែង កាលពីថ្ងៃទី ១០ មេសាដែលប្រជាពលរដ្ឋតវ៉ាថា ទន្លេតូចគោករីងអស់ដោយសារទំនប់ កាត់ទន្លេតូចត្រង់ចំណុចវត្តពាមប្រធ្នោះ ស្ថិតក្នុងឃុំពាមប្រធ្នោះ និងម្ខាងទៀតជាប់ព្រែកអង់កូ ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ដែលបានទប់ធ្វើផ្លូវឆ្លងកាត់កាលពីខែមុន ដោយចំណុចនេះទន្លេគោកស្រាប់ងាយស្រួលធ្វើផ្លូវឆ្លងកាត់។

លោកអភិបាលបានឱ្យដឹងទៀតថា៖ ប៉ុន្តែនៅថ្ងៃទី ១១ មេសាយើងបានយល់ព្រមគ្រឿងចក្រកាយបើកផ្លូវទឹកហូរដូចធម្មតាវិញហើយ ដើម្បីបញ្ចៀសការតវ៉ា ឬស្តីបន្ទាសដោយសារទំនប់មួយនេះរបស់ប្រជាពលរដ្ឋរស់នៅខាងក្រោម។ ដោយឡែកនៅរដូវប្រាំង គឺទន្លេតូចបានគោករីងអត់ទឹកជាកង់ៗ នៅមានទឹកតែកន្លែងប្រភពទឹកជ្រៅ ជាអន្លង់ ព្រោះនៅខាងមាត់ទន្លេនេះទឹកទន្លេមេគង្គបានស្រកផុតអស់ដែរ។ ម៉្យាងទៀតឆ្នាំកន្លងមានភ្លៀងកក់ខែច្រើន ខុសពីឆ្នាំ២០២៣នេះមានបន្តិចបន្តួចប៉ុណ្ណោះធ្វើឱ្យរីងផ្ទុះការតវ៉ាបែបនេះ។

លោកអនុសេនីយ៍ឯក ឆាយ ម៉ាច នាយរងប៉ុស្ត៍ព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល បានប្រាប់ថា៖ ទឹកទន្លេតូចដែលប្រជាពលរដ្ឋស្នើខាងអាជ្ញាធរស្រុកកោះសូទិនកាយទំនប់ជាផ្លូវចេញនោះកាលពីថ្ងៃទី ១១ មេសា ទើបហូរធ្លាក់មកដល់ព្រែកសណ្តែកចម្ងាយប្រមាណ ២០ គីឡូម៉ែត្រប៉ុណ្ណោះគិតត្រឹមម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ១២ មេសា គឺនៅសល់ប្រហែលពាក់កណ្តាលទៀតទើបទឹកទន្លេនេះហូរធ្លាក់ដល់ទឹកដីខាងលោក។ ខុសកាលពីទប់ទំនប់ធ្វើស្ពានដើមស្តៅ គឺទឹកហូរលឿនជន់លិចយករបស់របរស្ទើរមិនទាន់កាលនោះ។

សូមបញ្ជាក់ថា ទន្លេតូចជាទន្លេមួយបែកចេញពីទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកោះសូទិន ដោយហូរកាត់ទឹកដីខេត្តកណ្តាល និងខេត្តព្រៃវែង ហើយឆ្លងកាត់ប្រទេសវៀតណាម គឺនៅខែប្រាំងទន្លេបានគោក ជាអន្លើៗ មិនឱ្យធ្វើដំណើរតាមទូក កាណូត បានទេ លុះត្រានៅរដូវវស្សាទើបអាចធ្វើចរាចរណ៍ឆ្លងកាត់បាន៕