អន្តរជាតិ

រុស្ស៊ីកាត់ទោសមន្រ្តី២នាក់ដាក់គុក១៩ឆ្នាំពីបទប្រឆាំងប្រតិបត្តិការចល័តទ័ព

តុលាការរុស្ស៊ីកាត់ទោសមន្រ្តី២នាក់ដាក់គុក១៩ឆ្នាំនៅសប្តាហ៍នេះ ពីបទប្រឆាំងការចល័តទ័ពក្នុងប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS រុស្ស៊ី តុលាការរុស្ស៊ីបានកាត់ទោសអតីតមន្ត្រីពីរនាក់​ឱ្យជាប់ពន្ធនាគាររយៈពេល ១៩ ឆ្នាំ ពីបទគប់ស្រាក្រឡុក Molotov នៅឯអគារសាលាក្រុងមួយក្នុងការតវ៉ាប្រឆាំងនឹងការចល័តយោធារុស្ស៊ីដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ អ្នកទី១គឺជាអតីតមន្ត្រីឆ្មាំជាតិរុស្ស៊ីឈ្មោះ Roman Nasriyev និងទី២គឺ Alexei Nuriyev ដែលធ្វើការនៅក្រសួងសង្គ្រោះបន្ទាន់ ត្រូវបានកាត់ទោសពីបទវាយប្រហារកាលពីថ្ងៃទី ២២ ខែតុលា នៅក្នុងទីក្រុងតូចមួយនៃ Bakal ក្នុងតំបន់ Chelyabinsk ភាគខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បាននិយាយថា តុលាការយោធាបានរកឃើញថាពួកគេបានអនុវត្ត “អំពើភេរវកម្ម” ដែលជាផ្នែកមួយនៃក្រុមប៉ុនប៉ង។ អ្នក​ទាំង​ពីរ​បាន​វាយ​បំបែក​បង្អួច​នៅ​ក្នុង​អគារ​សាលា​ក្រុង ហើយ​បន្ទាប់​មក​បាន​គប់​ស្រា​ក្រឡុក Molotov ។

ការកាត់ទោសនេះ គឺជាការដាក់ទណ្ឌកម្មដ៏ធ្ងន់បំផុត រហូតមកដល់ពេលនេះ សម្រាប់ការវាយប្រហាររដ្ឋាភិបាល ដែលមិនមែនត្រឹម២នាក់នេះទេ ពោលគឺមានរាប់សិបនាក់ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ កាលពីខែកញ្ញាឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពីការចល័តទ័ពមួយផ្នែក ដើម្បីគាំទ្រកងកម្លាំងនៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យមានការភៀសខ្លួន​បុរសៗរុស្ស៊ីយ៉ាងច្រើនចេញពីប្រទេសរុស្ស៊ី ដើម្បីគេចចេញពីការបញ្ជូនទៅសមរភូមិ​ប្រយុទ្ធជាមួយអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា