សន្ដិសុខសង្គម

កំពុងរកចាប់រថយន្តបុកម៉ូតូពីក្រោយបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាម

កំពង់ស្ពឺ៖សមត្ថកិច្ចកំពុងតាមរកចាប់រថយន្តនិងអ្នកបើកបរ ដែលបានបុកម៉ូតូចំពីក្រោយពេញទំហឹង​បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម។គ្រោះថ្នាក់នេះបានកើតឡើងនៅ​តាមផ្លូវជាតិលេខ៤ ម្តុំក្បាលស្ពានភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១០ ខែមេសា។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1HU-0850 បើកបរដោយស្ត្រីឈ្មោះ ឡុក គន្ធា អាយុ៣៤ឆ្នាំ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកពីលិចទៅកើត។

មកដល់កន្លែងខាងលើត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកយ៉ាងលឿនបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់ភ្លាម។រីឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្តង។

បន្ទាប់ពីកើតហេតុមន្ត្រីជំនាញបានចុះវាស់វែង ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកម៉ូតូយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមហាសាំង និងបន្តតាមរករថយន្តបង្កជាមួយ​តៃកុងយកមកចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ