សេដ្ឋកិច្ច, កម្សាន្ដ

ឆ្នេរ​ខ្សាច់​ពីរ​កន្លែង​តាម​បណ្តោយ​ព្រែក​កំពត​រង់ចាំ​ស្វា​គម​ភ្ញៀវ​ចាប់ពី​ឱកាស​បុណ្យចូលឆ្នាំថ្មី​តទៅ​

​កំពត​៖​ឆ្នេរ​ព្រែក​ដ៏​ទាក់ទាញ​ពីរ​កន្លែង​ដែល​កើតចេញពី​ការកែច្នៃ​របស់​រដ្ឋបាល​ខេត្តកំពត​នឹង​ទទួល​ស្វា​គម​ភ្ញៀវ​ជិត​ឆ្ងាយ​មក​កម្សាន្ត​សប្បាយ​ចាប់ពី ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ដ៏​ខ្លី​ខាងមុខ​តទៅ​។ ទី​ដ៏​មនោ​រម្យ​នោះ​គឺ​ឆ្នេរ​ខ្សាច់​លេង​ទឹក​កម្សាន្ត​ក្រុង​កំពត និង​ឆ្នេរ​ខ្សាច់​កោះ​ស្មៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ​។​

​អភិបាលក្រុង​កំពត លោក លាង រឿន​សុធី បាន​ប្រាប់​ឱ្យដឹងថា​៖​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តកំពត​នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខនេះ​នឹង​បាន​ប្លែក​អារម្មណ៍​ជាមួយ​ឆ្នេរ​កម្សាន្ត​ថ្មី​ពីរ​កន្លែង​ប្រកបដោយ​ទេសភាព សោភ័ណភាព បរិស្ថាន អនាម័យ​ស្រស់ស្អាត​ស្របពេល​កន្លងមក ខេត្តកំពត​មិន​ធ្លាប់មាន​។​មណ្ឌល​លម្ហែ​ដ៏​មនោ​រម្យ​នោះ​ទី​១​គឺ​ឆ្នេរ​ខ្សាច់​លេង​ទឹក​កម្សាន្ត​ក្រុង​កំពត​ប្រវែង​ជាង​៦០០​ម៉ែត្រ​នៅ​ចន្លោះ​រវាង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ និង​ស្ពាន​រថភ្លើង​ដែល​អាច​ងូតទឹក​លេង​យ៉ាង​សប្បាយរីករាយ​។ ឆ្នេរ​ខ្សាច់​កម្សាន្ត​នេះ​រដ្ឋបាលខេត្ត​បានរៀបចំ​រួចរាល់​មាន​ទាំង​ផ្លូវ​ល្អ​ស្អាត ហើយ​ក្រុមការងារ​យុវជន​ក៏​នឹង​ត្រៀម​សម្រាប់​កម្មវិធី​លេងល្បែង​របាំ​ប្រជាប្រិយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ផងដែរ​។​

​ទី​២ គឺ​ឆ្នេរ​ខ្សាច់​កោះ​ស្មៅ​ស្ថិតក្នុង​ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ប្រវែង​ជាង​២.០០០​ម៉ែត្រ​។ ឆ្នេរ​ខ្សាច់​នេះ​ធំ​ទូលាយ មា​នទី​សម្រាប់​បោះតង់​កន្លែង​អង្គុយ​ទទួលទាន​អាហារ ឬ​មើល​ថ្ងៃ​លិច​ចូល​ខ្នងភ្នំ​បូកគោ​ជាដើម​។ លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី នៅ​ទីនោះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ការប្រគំ​តន្ត្រី​សម្រាប់​រាំ​កម្សាន្ត ការបង្ហាញ និង​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​ព្រមទាំង​សកម្មភាព​នៃ​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត​។ និយាយ​រួម ឆ្នេរ​កម្សាន្ត​ទាំងពីរ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សម្រាប់​ទទួល​ស្វាគមន៍​ភ្គៀ​វ​ជិត​ឆ្ងាយ​ចាប់ពី​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​តទៅ​។​

​អ្នកក្រុង​កំពត​ដែល​តែង​ដើរ​ហាត់ប្រាណ​លើ​សួនច្បារ​ឆ្នេរ​ព្រែក​បាន​រៀបរាប់ថា​ឆ្នាំនេះ​ពួកគាត់​សប្បាយចិត្ត​ជំនួស​ក្មេងៗ​ព្រោះ​ឃើញ​រដ្ឋបាលខេត្ត​បាន រៀបចំ​ក្រុង​ល្អ​ស្អាត​គួរ​ឲ្យ​ចង់​នែបនិត្យ​ផ្ទាល់​។ ភ្ញៀវទេសចរ​ដែល​ចូលមក​ខេត្តកំពត​ចាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ខាងមុខ​ពិតជា​មិន​ខុស​បំណង​ឡើយ ពិសេស​ការ​ប្រទះ​ភ្នែក និង​ដំណើរ​លម្ហែ​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​ទើបនឹង​កើត​ថ្មី​ទាំងនោះ​។​ដោយ​៖​កំចាយ​