សេដ្ឋកិច្ច

ADB ៖ សេដ្ឋកិច្ចកម្ពុជា​នឹង​កើន​៥,៥% ក្នុង​ឆ្នាំ​២០២៣​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ​ស័​យ​ទេសចរណ៍​និង​សេវាកម្ម​

ដោយៈសិរីមតី

​ភ្នំពេញ​៖ នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​( ADB )​លោកស្រី Jyotsana Varma មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​៤​ខែមេសា​ថា​៖​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ក្នុង​អត្រា ៥,៥% ក្នុង​ឆ្នាំ ២០២៣ និង ៦,០% នៅ​ឆ្នាំ ២០២៤​។​កំណើន​នេះ​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ ដ៏​រឹងមាំ​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​ខ្ពស់​ក្នុង​វិស័យ​សេវាកម្ម​។​

​លោកស្រី បាន​គូសបញ្ជាក់ថា​«​ទោះបីជា​តម្រូវការ​ពិភពលោក​ចុះខ្សោយ​ក៏ដោយ ក៏​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រ​ការល្អ​នៅ​ឆ្នាំ ២០២២​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ដែល​កំពុង​បន្ត​។ ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ភាព​វិជ្ជមាន​ជាមួយនឹង​កំណើន​ដ៏​រឹងមាំ​ឱនភាព​គណនី​ចរន្ត​ដែល​រួម​តូច និង​កម្រិត​អតិផរណា​មធ្យម​នៅ​ឆ្នាំ​២០២៣​។​»

ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅ​កាត់​ថា ADO)​ប្រចាំ ខែមេសា ២០២៣ បង្ហាញថា​វិស័យ​ទេស​ចរណ៍​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​៧,៣%​ក្នុង​ឆ្នាំ​២០២៣​មុនពេល​ថយ​បន្តិច​មក​ត្រឹម​៦,៨%​នៅ​ឆ្នាំ​២០២៤​។​សម្ពាធ​អតិផរណា​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះមក​អត្រា​ជា​មធ្យម ៣,0% ក្នុង​ឆ្នាំ ២០២៣ និង ៤,0% នៅ​ឆ្នាំ ២០២៤​។ របាយការណ៍​បាន​រំលេច​ថា​ទស្សន​វិស័យ​សេដ្ឋកិច្ចកម្ពុជា​ក៏​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្តបន្ទាប់​របស់​ប្រទេសក្នុង​ការបង្កើន​ការវិនិយោគ​បៃតងដើម្បី​ទទួលបាន​សក្ដានុ​ព​ល​​កំ​ណើ​ន​រយៈពេល​វែង​។​

​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​នេះ​លើកឡើងថា​កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​ស្បែកជើង​និង​ទំនិញ​ធ្វើដំណើរ​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ដោយសារតែ​តម្រូវការ​ខាងក្រៅ​ខ្សោយ​នៅក្នុង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប ដែលជា​ទិសដៅ​នាំចេញ​ដ៏​សំខាន់​។ ទោះជា​យ៉ាងណាក៏ដោយ​វិស័យ​ឧស្សាហកម្ម​នៅតែ​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​កំណែទម្រង់ គោលនយោបាយ​រួមទាំង​ច្បាប់​វិនិយោគ​ឆ្នាំ ២០២១​ដែល​បាន​បង្កើត​សេវាកម្ម​ច្រកចេញចូល​តែមួយ សម្រាប់​អ្នកវិនិយោគ​និង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​។​

​ផលិតផល​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ៥,៨% ក្នុង​ឆ្នាំ ២០២៣ មុននឹង​ហក់​ដល់ ៧,៨% នៅ​ឆ្នាំ ២០២៤​។​កំណើន​វិស័យ​សំណង់​ត្រូវបាន​រំពឹងថា​នឹង​នៅតែ​យឺត​។ វិស័យ​កសិកម្ម​ត្រូវបាន ព្យាករ​ថា​នឹង​កើនឡើង ១,១% នៅ​ឆ្នាំនេះ និង ១,២% ក្នុង​ឆ្នាំ ២០២៤​ដែល​ជំរុញ​ដោយ​ទិន្នផល​ដំណាំ សម្រាប់​ការនាំចេញ​៕