សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចទូរសព្ទ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទ ហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ករណីនេះបានកើតឡើងនៅភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី២ ខែមេសា ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជ្រី ទីហាប់ អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតទូរសព្ទ១គ្រឿងម៉ាក OPPO របស់ជនសង្ស័យនិងកាបូបស្ពាយ១។

ក្នុងកាបូបនោះមានទូរសព្ទ១គ្រឿងម៉ាក Iphone X របស់ជនរងគ្រោះ ហើយបានប្រគល់ឱ្យម្ចាស់វិញ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង​ត្រៀមបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ