សន្ដិសុខសង្គម

រថយន្តធំបើកចុះចំណោតផ្លូវកោងក្រឡាប់សង្កត់ប្រុសស្រី២នាក់ស្លាប់

មណ្ឌលគិរី៖រថយន្តធុនធំបើកចុះចំណោតដល់ផ្លូវបត់កោង ស្រាប់តែក្រឡាប់សង្កត់មនុស្ស​ប្រុសស្រី២នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។គ្រោះថ្នាក់នេះបានកើតឡើងនៅផ្លូវជាតិលេខ៧៦A ជិតស្នាក់ការសន្តិសុខ៧៦២ ស្ថិតក្នុងភូមិមេប៉ៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី៣១ ខែមីនា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តធុនធំប្រភេទV1 សណ្តោងរ៉ឺម៉កផ្លាកលេខ ភ្នំពេញ 3B-9826 ដឹកលាមកគោបានបើកពីជើងទៅត្បូង។មកដល់ត្រង់ផ្លូវចុះចំណោតហើយបត់កោងទៀត រថយន្តក៏ក្រឡាប់សង្កត់មនុស្សប្រុសស្រី២នាក់បណ្តាលឱ្យស្លាប់តែម្តង។

អ្នកបើកបរឈ្មោះ សយ ជុំ អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិសាឡង់ទី២ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្លាប់ភ្លាម។ អ្នករួមដំណើរមិនស្គាល់ឈ្មោះ ភេទស្រី ក៏បានស្លាប់នៅនឹងកន្លែង។បន្ទាប់ពីនោះសមត្ថកិច្ចជំនាញស្រុកពេជ្រាដា បានចុះពិនិត្យរួចប្រគល់សពឱ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ