អន្តរជាតិ

កំពូលអ្នកបើកយន្តហោះអ៊ុយក្រែនបានស្លាប់ក្នុងបេសកកម្មប្រយុទ្ធជាមួយរុស្ស៊ីថ្ងៃ២៨មីនា

គួរឲ្យសោកស្តាយជាទីបំផុតសម្រាប់អ៊ុយក្រែន ដោយកំពូលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែន​មួយរូបលោក Denys Kyryliuk បានស្លាប់ក្នុងបេសកកម្មប្រយុទ្ធជាមួយរុស្ស៊ីថ្ងៃទី២៨មីនាសប្តាហ៍នេះ។

នេះដោយយោងតាមប្រភពកងពលតូចទ័ពជើងគោក ៨៣១ នៅលើបណ្តាញសង្គមហ្វេសបុក។ ប្រភពបាននិយាយថា   លោក Denys Kyryliuk អ្នកបើកយន្តហោះអ៊ុយក្រែនដែលបានហោះហើរ​ចេះជំនាញបើកច្បាស់លើយន្តហោះច្រើនជាង ៨០ ប្រភេទ នៅទីបំផុតគួរសោកស្តាយត្រូវបានសម្លាប់​នៅក្នុងបេសកកម្មចាត់តាំងប្រយុទ្ធកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ លោក Vitalii Diakivnych ប្រធានរដ្ឋបាលយោធាស្រុក Myrhorod ជាសាក្សីដែលបានរាយការណ៍ថា Kyryliuk ពិតជាបាន​បាត់បង់ជីវិតមែននៅថ្ងៃទី ២៨ ខែមីនា។ ក៏ប៉ុន្តែមូលហេតុលម្អិតមិនត្រូវបានបញ្ជាក់ឡើយ មិនដឹងថាតើត្រូវបានរុស្ស៊ីបាញ់ទម្លាក់ឬយ៉ាងណានោះទេ។

នៅខែសីហា ឆ្នាំ ២០២២ Kyryliuk បានទទួលរង្វាន់ Order For Courage, Third Class ថ្នាក់ទី៣ “សម្រាប់ភាពក្លាហានផ្ទាល់ខ្លួន និងគិតពីប្រយោជន៍រួម មិនគិតតែពីខ្លួនឯងដែលបានបង្ហាញក្នុងការ​ការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដីនៃអ៊ុយក្រែន និងភាពស្មោះត្រង់ចំពោះពាក្យ​សម្បថយោធា”។ ការបាត់បង់វីរជនអ៊ុយក្រែនដ៏មានសមត្ថភាពរូបនេះ បានធ្វើឲ្យជនរួមជាតិអ៊ុយក្រែន​ទាំងអស់មានការសោកស្តាយជាអនេក និងបានចូលរួមរំលែកទុក្ខតាមបណ្តាញសង្គម៕

ប្រភព៖Ukrainska  Pravda

ប្រភពរូប៖Ukrainska  Pravda
ប្រែសម្រួល៖សុខ តុលា