សន្ដិសុខសង្គម

ម៉ូតូបើកវ៉ាជែងបុកជាមួយរថយន្តមកពីមុខបណ្ដាលឱ្យស្លាប់មួយរំពេច

កណ្ដាល៖ក្មេងប្រុសម្នាក់បានបើកម៉ូតូវ៉ាជែងក្នុងល្បឿនលឿន ជ្រុលបុកជាមួយរថយន្តមកពីមុខ​ពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមីនា។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុសបាត់បង់ជីវិតឈ្មោះ ហាន សារឿន អាយុ១៧ឆ្នាំ នៅភូមិត្រពាំងច្រើស ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខព្រៃវែង 1W0305 ។ចំណែករថយន្តម៉ាកFord ផ្លាកលេខភ្នំពេញ2AL7145 ។

ដំបូងគេឃើញម៉ូតូបើកក្នុងល្បឿនលឿន ហើយបានវ៉ាជែងមិនប្រកាន់ស្ដាំ ក៏ជ្រុលទៅបុក​រថយន្តមកពីមុខពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។រីឯអ្នកបើកបររថយន្ត​ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចផ្នែកចរាចរណ៍បានចុះពិនិត្យ​និងយករថយន្ត-ម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ