សេដ្ឋកិច្ច

មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរំពឹងថាចូលឆ្នាំខ្មែរភ្ញៀវទេសចរនឹងកើនឡើង

ដោយ៖ព្រះអង្គខ្មៅ

មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងអាចនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន។

លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash News ឲ្យដឹងថា តាមការរំពឹងទុកអ្នកមកទស្សនាកម្សាន្តក្នុងឱកាសចូលឆ្នាំខែ្មរខាងមុខនេះនឹងមានមនុស្សច្រើន។

លោកបញ្ជាក់ថា ដ្បិតចូលឆ្នាំខ្មែរនេះខេត្តបាត់ដំបង នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំនូវកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឡើងវិញដែលមានកម្មវិធីទស្សនាកម្សាន្តធំៗ។ ដូច្នេះតាមរយៈព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួនកើនឡើងច្រើន។

លោកបន្ថែមថា ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនថ្ងៃនៅក្នុងទីប្រជុំជនក្រុង ខេត្ត គឺយើងនៅមានការរៀបចំកែលម្អតំបន់រមណីយដ្ឋានសំខាន់ៗជាច្រើនទៀត។ក្នុងនោះមានតំបន់ប្រវត្តិសាស្រ្ត ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតមានដូចជាទឹកហូរ ទឹកធ្លាក់ ដំណាំចម្ការទំពៃងបាយជូ ចម្ការទុរេន ចម្ការម្រេចនិងមានកន្លែងសម្រាបោះតង់ជាដើម។

លោក ហម អារុណ ក៏បានឲ្យដឹងដឹងដែរថា នៅខេត្តបាត់ដំបងគឺមានកន្លែងសម្រាប់ទស្សនាកម្សាន្តច្រើនណាស់។ ក្នុងនោះមានដូចជា: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋានចម្ការទុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, រមណីយដ្ឋានស្ទឹងក្រញូង, និងមណ្ឌលកម្សាន្តបែបសាសនាជាច្រើនទៀត៕