សន្ដិសុខសង្គម

បើកម៉ូតូបុកខឿនសួនចែកផ្លូវដួលខ្ទាតបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុកខឿនសួនច្បារចែកផ្លូវខ្ទាតបោកក្បាលនឹង​បង្គោលភ្លើងបណ្តាលឱ្យស្លាប់មួយរំពេច។គ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯងនេះបានកើតឡើង​នៅតាមផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៩ ខែមីនា។

កម្លាំងប្រចាំគោលដៅបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ សៅ សុខន អាយុ៣៦ឆ្នាំ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

មុនកើតហេតុ ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1KA-0670 បើកតាមផ្លូវជាតិលេខ៦A ពីលិចទៅកើតយ៉ាងលឿន។មកដល់កន្លែងខាងលើក៏ជ្រុលបុកខឿនសួនចែកផ្លូវ បណ្តាលឱ្យដួលម៉ូតូខ្ទាតមនុស្សបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ ផ្នែកនគរបាលចរាចរណ៍បានចុះមកពិនិត្យរួចយកម៉ូតូទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ