កម្សាន្ដ

តារាចម្រៀងដ៏មានប្រជាប្រិយតាំងពីកុមារពេលនេះបញ្ចេញបទថ្មីយ៉ាងពីរោះ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងដែលទទួលបានប្រជាប្រិយភាពតាំងពីកុមារ ដែលមានសំឡេងស្រដៀងតារាចម្រៀង កែវ សារ៉ាត់ គឺ កំលោះតូច ធឿន បុរី បានបញ្ចេញបទថ្មីរបស់ខ្លួនយ៉ាងពីរោះរណ្តំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

ដោយមានការគាំទ្រពីមជ្ឈដ្ឋានទូទៅ ពិសេសអ្នកនិយមស្តាប់បទចម្រៀងរបស់ ធឿន បុរី មានភាពអន្ទះសាយ៉ាងខ្លាំង ចង់ដឹង ចង់ឃើញ បទចម្រៀងថ្មីរបស់តារារូបនេះ ក៏បានសំណូមពរដល់សាមីខ្លួន និងម្ចាស់ផលិតកម្មឲ្យបញ្ចេញបទចម្រៀងថ្មីៗ ដូចជាបទ “ស្តាយនាងស្រី” ដែលជាចង្វាក់កន្រ្តឹមជាដើម។ ដើម្បីធ្វើឲ្យទស្សនិកជនបាត់ឆ្ងល់ និងឆាប់ទទួលបានភាពសប្បាយរីករាយ តារាចម្រៀងវ័យក្មេងរូបនេះបានប្រាប់អ្នកគាំទ្រនៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនថា នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះ៖“កុំភ្លេចស្តាប់បទថ្មីរបស់ខ្ញុំបាទ “ស្តាយនាងស្រី” ដែលជាបទសំរាប់បង្កើនភាពសប្បាយរីករាយ ដល់បងប្អូននាឱកាសចូលឆ្នាំខ្មែរខាងមុខ។

ក្រោយពីបង្ហោះនៅលើបណ្តាញសង្គម Facebook បានប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនបានសរសើរពីសំឡេង ធឿន បុរី ដោយសរសេរថា «នៅតែអែមសំឡេង», «ពីរោះណាស់ idol ធឿន បុរី», «ចេញច្រើនៗបទមក idol» និងមានComment ជាច្រើនទៀត។ ការComment បែបនេះគឺដោយសារតែបទថ្មី “ស្តាយអូនស្រី” ​មិនត្រឹមតែពីរោះនោះទេ ថែមទាំងជាចង្វាក់កន្រ្តឹមដែលប្រជាជនខ្មែរចូលចិត្តទៀតផង៕