អន្តរជាតិ

អ៊ុយក្រែនបារម្ភថារោងចក្រនុយក្លេអ៊ែរ Zaporizhzhia អាចប្រឈមនឹងការខ្វះខាតទឹក

អ៊ុយក្រែនព្រួយបារម្ភថា រោងចក្រនុយក្លេអ៊ែរ Zaporizhzhia អាចប្រឈមនឹងការខ្វះទឹកសម្រាប់​ម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់នៅចុងរដូវក្តៅនេះ ដោយសារតែកងកម្លាំងរុស្ស៊ីទំនងជាបានបញ្ចេញទឹក​ស្ទើរអស់នឹងពីអាងស្តុក។

លោក Ihor Syrota អគ្គនាយកនៃក្រុមហ៊ុនបង្កើតវារីអគ្គិសនី Ukrhydroenergo ដែលគ្រប់គ្រងដោយរដ្ឋ​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មិនមានគ្រោះថ្នាក់ភ្លាមៗចំពោះរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត​របស់អឺរ៉ុបនោះទេ។ ក៏ប៉ុន្តែកម្រិត​ទឹក​បាន​ធ្លាក់​ចុះ​ទាបដោយ​សារ​ទាហាន​រុស្ស៊ី​ដែល​គ្រប់គ្រង​អាង​ស្តុក​ទឹក និង​ស្ថានីយ​វារីអគ្គិសនី Kakhovka និង​ទំនប់​បាន​បញ្ចេញ​ទឹក​ចេញ​តាម​ទ្វារ​ទំនប់អស់ក្នុងបរិមាណ​ជាច្រើន។

Syrota បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “បញ្ហាមួយជាមួយនឹងកង្វះខាតទឹកសម្រាប់ធ្វើឲ្យ​ម៉ាស៊ីនត្រជាក់អាចកើតឡើងនៅរដូវក្តៅ ឬចុងរដូវក្តៅនេះ”។ កម្រិតអាងស្តុកទឹកអាចត្រូវបានបង្ហូរ​យ៉ាងហោចណាស់ច្រើនថ្ងៃ ប្រសិនបើទ្វារទឹកទាំងអស់ត្រូវបានបើក។ “ខ្ញុំ​សង្ឃឹម​ថា​យើង​មិន​ចូល​ទៅ​ក្នុង​ស្ថានភាព​នោះ​ទេ។ ខ្ញុំ​សង្ឃឹម​ថា យើងនឹង​ដក​ការ​កាន់កាប់​បាន​លឿន​ជាង​នេះ”។

មិនមានការបញ្ជាក់ពីផលប៉ះពាល់ភ្លាមៗឡើយ តែបរិមាណទឹកក្នុងអាងស្តុកគឺសំខាន់ណាស់ដើម្បី​បញ្ជូនកម្ដៅចេញពីស្នូលរ៉េអាក់ទ័រទៅកាន់ទួរប៊ីន។ ទឹកនឹងធ្វើឲ្យមានមុខងារ​ត្រជាក់ដល់ម៉ាស៊ីន​រ៉េអាក់ទ័រដោយផ្ទាល់ ឬដោយប្រយោល ត្រជាក់ស្ងួត។ វាត្រូវការបរិមាណទឹកបម្រុងប្រមាណ​ចន្លោះពី២៥០០០ ទៅ ៦០០០០ ហ្កាឡុងនៃទឹកក្នុង ១ មេហ្គាវ៉ាត់ម៉ោងនៃអគ្គិសនី។ ហើយនៅពេលផ្លាស់ប្តូរដំណើរត្រជាក់ម្តងៗត្រូវការទឹកប្រហែល ៨០០ ទៅ ២៦០០ ហ្កាឡុង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា