អន្តរជាតិ

រុស្ស៊ី​បាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​នៅ​​ថ្ងៃនេះ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានបាញ់សាកល្បងដោយជោគជ័យ​នូវមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេងទៅកាន់គោលដៅនៅសមុទ្រជប៉ុន។

ក្រសួងបាននិយាយនៅថ្ងៃអង្គារទី ២៨ ខែមីនានេះថា កប៉ាល់ពីរគ្រឿងបានបើកការវាយប្រហារ​បាញ់កាំជ្រួចទៅលើគោលដៅក្លែងធ្វើនាវាចម្បាំងសត្រូវ ដែលមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រនៅសមុទ្រជប៉ុន។ ក្រសួងបាននិយាយថា កាំជ្រួចធ្វើដំណើរលឿនជាងសំឡេង Moskit ចំនួនពីរដែលមានសមត្ថភាពទាំងគ្រាប់ធម្មតា និងនុយក្លេអ៊ែរ បានបាញ់ចំគោលដៅដោយជោគជ័យ។

កាំជ្រួច P-270 Moskit ដែលអង្គការណាតូរាយការណ៍ថា SS-N-22 Sunburn គឺជាកាំជ្រួចល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមដែលមានដើមកំណើតសូវៀត ហើយមានសមត្ថភាពបំផ្លាញកប៉ាល់ក្នុងរយៈចម្ងាយរហូតដល់ ១២០គីឡូម៉ែត្រ។ សមយុទ្ធបាញ់មីស៊ីលរបស់កងទ័ពជើងទឹករុស្ស៊ីនេះ ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីយន្តហោះ​ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីពីរគ្រឿងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ បានហោះហើរលើសមុទ្រជប៉ុនអស់រយៈពេលជាងប្រាំពីរម៉ោង នៅក្នុងអ្វីដែលទីក្រុង​មូស្គូបាននិយាយថាជា “ការហោះហើរដែលបានគ្រោងទុក”។

ក្នុងព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយថា ប្រទេសរបស់លោកនឹងរក្សាការប្រុងប្រយ័ត្នចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ខណៈលោកបានបន្ថែមថា មិនមានការរាយការណ៍ពីការខូចខាតណាមួយ បន្ទាប់ពីការបាញ់មីស៊ីលនោះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា