សន្ដិសុខសង្គម

នឹងនាំខ្លួនថៃម្នាក់ទៅតុលាការរឿងចាក់សម្លាប់ថៃដូចគ្នានៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នគរបាលព្រហ្មទណ្ឌបានចាប់ជនជាតិថៃម្នាក់កាលពីថ្ងៃទី២៦ ខែមីនា បន្ទាប់ពីជនសង្ស័យរូបនេះចាក់សម្លាប់ថៃដូចគ្នានៅខេត្តព្រះសីហនុ នឹងនាំខ្លួនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ពាក់ព័ន្ធចាក់សម្លាប់ថៃដូចគ្នា ព្រោះតែទំនាស់ពាក្យសម្តី។អំពើនេះបានប្រព្រឹត្តនៅបន្ទប់លេខ១០ ជាន់ទី៣A នៃអគារក្រុមហ៊ុន“ឡានគួយហ្វាំង”ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ Wachirawit Kongthong ជនជាតិថៃ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងខាងលើ។រីឯជនរងគ្រោះឈ្មោះ TONSRI SAKNARONG ជនជាតិថៃ អាយុ៤០ឆ្នាំ ជាបុគ្គលិក ស្នាក់នៅបន្ទប់១០ ជាន់ទី៣A នៃក្រុមហ៊ុន ឡានគួយហ្វាំង។

បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យត្រូវនគរបាលខេត្តព្រះសីហនុសាកសួរ ហើយកសាងសំណុំរឿងនឹងនាំខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ