កម្សាន្ដ

តារាចម្រៀងវ័យក្មេងអញ្ជើញអ្នកគាំទ្រចូលរួមទស្សនាការសម្តែងរបស់ខ្លួននៅកំបូល

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសំឡេងធ្ងន់ពីរោះ ថុល សុភិទិ ប្រកាសអញ្ជើញមហាជនអ្នកគាំទ្រ ជាពិសេសស្រទាប់យុវវ័យ ចូលរួមទស្សនាការប្រគំតន្រ្តីដ៏ធំអស្ចារ្យមួយដែលខ្លួននឹងចូលរួម នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

តារាចម្រៀងមានមាឌតូចតែសំឡេងក្រអួនរូបនេះបានសរសេរនៅលើ Facebook ផ្ទាល់ខ្លួន កាលពីថ្ងៃទី ២៧ ខែមីនា ថា “ជួបជាមួយខ្ញុំបាទ ថុល សុភិទិ និងសិល្បករជាច្រើនរូបទៀត នៅមហាព្រឹត្តិការណ៍ពិសេស ការប្រគំតន្រ្តីដ៏ធំអស្ចារ្យមានឈ្មោះថា«ល្អមែន Concert» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែមេសា ស្ថិតក្នុងបរិវេណដីឡូត៍មួយកន្លែង ក្បែរវត្តស្ងួនពេជ្រ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមរយៈការបង្ហោះរបស់តារាចម្រៀងរូបនេះបានបញ្ជាក់ថា ការចូលរួមក្នុងការប្រគំតន្រ្តីដ៏ធំនេះ គឺអនុញ្ញាតឲ្យចូលរួមដោយសេរី ដើម្បីទទួលភាពសប្បាយរីករាយទាំងអស់គ្នា ហើយរូបលោកផ្ទាល់នឹងចូលរួមបង្ហាញជូននូវបទចម្រៀងថ្មីៗ ដើម្បីឲ្យមជ្ឈដ្ឋានអ្នកគាំទ្រកាន់តែមានអារម្មណ៍សប្បាយរីករាយបន្ថែមទៀតផងដែរ៕