សន្ដិសុខសង្គម

ឆ្លងចរន្តខ្សែម៉ូទ័រផ្ទុះធុងហ្គាសបង្កជាភ្លើងបណ្តាលឱ្យឆេះផ្ទះអស់មួយខ្នង

បាត់ដំបង៖ឆ្លងចរន្តខ្សែម៉ូទ័របញ្ចូលហ្គាសបានបែកផ្កាភ្លើងរហូតផ្ទុះធុងហ្គាស បណ្តាលឱ្យកើតជាភ្លើងឆាបឆេះផ្ទះអស់មួយខ្នងជាមួយទ្រព្យជាច្រើន។

តាមប្រភពព័ត៌មានពីអ្នកនៅជិតទីតាំងកើតហេតុបានឱ្យដឹងថា ករណីផ្ទុះបំពង់ហ្គាសបណ្តាលឱ្យឆេះផ្ទះនេះបានកើតឡើងនៅត្រង់ផ្សារតាឡូឡា ភូមិគីឡូម៉ែត្រ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមីនា។

អគ្គិភ័យខាងលើផ្តើមចេញពីឆ្លងចរន្តខ្សែម៉ូទ័របញ្ចូលហ្គាស ក៏បែកជាផ្កាភ្លើងរាលឆាបឆេះ និងផ្ទុះបំពង់ហ្គាសតូចធំជាច្រើនធុង។ពេលនោះលាន់ស្នូរផ្ទុះទ្រហឹងអឺងកងនាំឱ្យមាន​ការភ័យខ្លាចដល់អ្នកជិតខាងស្លន់ស្លោរត់ព្រាត ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ នង ពៅ អាយុ ៣៦ឆ្នាំ និងប្រពន្ធឈ្មោះចាន់ រី ។ទាំង២នាក់ពេលហេតុការណ៍កើតឡើងភ្លាមៗបានរត់គេចខ្លួនទាន់។គ្រោះអគ្គិភ័យនេះបានឆេះ​ទ្រព្យសម្បត្តិនិងអស់ហ្គាសក្នុងធុងចំនួន៩០គីឡូក្រាម-ផ្ទះមួយខ្នង-ម៉ូតូកង់បីឆេះអស់ទាំងស្រុង​ចំនួន២គ្រឿង-លុយប្រមាណ៤លានរៀលនិងលុយថៃចំនួន៥សែនបាត៕ដោយ: ព្រះអង្គខ្មៅ