សន្ដិសុខសង្គម

ចេញដីកា​ឱ្យចាប់មេតុងទីនម្នាក់វេចលុយជិតកន្លះលានដុល្លាររត់គេចខ្លួន

ភ្នំពេញ៖ តុលាការភ្នំពេញបានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមេតុងទីនម្នាក់ ដែលវេចលុយប្រមាណជិតកន្លះលានដុល្លារពីសមាជិកជាង៦០នាក់ ហើយព្យាយាមរត់គេចខ្លួន។

សមត្ថកិច្ចបានឱ្យដឹងថា តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅភ្នំពេញកាលពីថ្ងៃទី១៤ ខែមីនា និងទី១៧ ខែកញ្ញា​ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារក្នុងស្ថាប័នតុលាការភ្នំពេញ នៅភូមិបឹងសាឡាង ខណ្ឌឫស្សីកែវ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នាលេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែមានទឹកប្រាក់២០០ដុល្លារ ហើយមួយខែដេញម្តងក្រោយពេលបើកប្រាក់ខែរៀងៗខ្លួន ។

តែមួយរយៈចុងក្រោយនេះ មេតុងទីនមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិត​កន្លះលានដុល្លារហើយក៏រត់គេចខ្លួនបាត់។ក្រោយពេលដឹងថាមេតុងទីនវេចលុយជិត​កន្លះលានដុល្លាររត់គេចខ្លួន កូនតុងទីនបានដាក់ពាក្យបណ្តឹងចូលតុលាការរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្តដើម្បីចាត់ការលើបុគ្គលរូបនោះតាមច្បាប់។

ពាក់ព័ន្ធករណីខាងលើ សារព័ត៌មាន Cambodia Flash News មិនទាន់មានប្រភពដើម្បី​ទាក់ទងសុំការបំភ្លឺពីសាមីចុងចោទនៅឡើយទេ៕ដោយ៖វិចិត្រ