សន្ដិសុខសង្គម

សមត្ថកិច្ចបានចាប់ស្រី្ត២នាក់កំពុង​រាំក្នុងអគារខុនដូមួយពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវនិងឃាត់ខ្លួនស្រី្ត២នាក់កំពុងរាំ ក្នុងអគារខុនដូមួយយីហោ“អារ៉ាខាប៉ា”ពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

​លោក​វរសេនីយ៍ឯក ​ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧​ ខែមីនា​នេះថា ផ្នែកជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមគ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធគ្រឿងញៀន នៅអគារខុនដូជាន់ទី១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

ស្ត្រី២នាក់ដែលចាប់ខ្លួនឈ្មោះទិត្យច័ន្ទ រតនា អាយុ២៧ឆ្នាំ លក់ដូរតាមអនឡាន ស្នាក់នៅខុនដូ អារ៉ាខាប៉ា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ឈ្មោះចាន់ ធារី អាយុ២៦ឆ្នាំ ជាងអ៊ុតសក់ ស្នាក់នៅហាងអ៊ុតសក់សម្រស់ម្លិះ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមស៣កញ្ចប់-កែវសម្រាប់លាយម្សៅ គ្រឿងញៀន២-ម៉ាស៊ីនចាក់ឌីស១គ្រឿង-ឡេបថបម៉ាកApple១គ្រឿងនិងទូរសព្ទ២គ្រឿង។ក្រោយមកជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ​