សេដ្ឋកិច្ច

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ៖ ៥ឆ្នាំទៀត កម្ពុជាអាចផលិតរ៉ូបូតមានសមត្ថភាពកាន់តែប្រសើរ

ដោយៈសិរីមតី

ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅ​អភិវឌ្ឍន៍​លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ​ វិស័យទាំងនេះមានការវិវឌ្ឍ​លឿន​រហ័សគួរឱ្យកត់សម្គាល់។

នៅក្នុងទិវាជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លោកទេសរដ្ឋមន្ត្រី រំពឹង​ថាក្នុងរយៈ​ពេល៥ឆ្នាំផលិតផលផ្នែកវិទ្យា​សាស្ត្រ​បច្ចេកវិទ្យានិងនវានុវត្តន៍​នឹងកើត​មាន​​កាន់តែច្រើន ដែល​ក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមាន​សមត្ថ​ភាព​​​​កាន់​តែ​ខ្ពស់ផងដែរ។

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និង​អាជីវ​កម្មរបស់មនុស្សជាតិលើពិភពលោកនាពេល​បច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេស​នីមួយៗ​ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កូនខ្មែរមានភាពវ័យឆ្លាត ការច្នៃប្រឌិតមិនចាញ់ជាតិសាសន៍ដទៃនោះឡើយ គ្រាន់តែ​មិន​ទាន់មាន​ការដុសខាត់ ឬបណ្តុះបណ្តាលឱ្យជាប់ទិស។ លោកបានប្រដូចកូនខ្មែរ​ទៅនឹងមាស ដែលមិនទាន់យកចេញពីក្នុងដី៕