សន្ដិសុខសង្គម

តាមរកចាប់អ្នកបើកឡានដឹកដីបុកម៉ូតូពីក្រោយធ្វើឱ្យក្មេងស្រីម្នាក់ស្លាប់

កំពត៖សមត្ថកិច្ចកំពុងតាមរកចាប់អ្នកបើករថយន្តដឹកដីបុកម៉ូតូពីក្រោយ ហើយកៀបជាប់ម៉ូតូ​និងមនុស្សនៅខាងក្រោមរួចអូសជាច្រើនម៉ែត្រ បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ភ្លាម។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត កាលពីរសៀលថ្ងៃទី២៦ ខែមីនា។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះខុម វត្តី អាយុ ១៣ឆ្នាំ នៅភូមិឃុំខាងលើ។

មុនកើតហេតុ គេឃើញក្មេងស្រីរងគ្រោះជិះម៉ូតូតែម្នាក់ឯងពីត្បូងទៅជើង។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តបែនដឹកដីបើកមកពីក្រោយយ៉ាងលឿនក៏បុកម៉ូតូពេញទំហឹង ហើយកៀបម៉ូតូនិងមនុស្សជាប់ខាងក្រោម រួចអូសជាច្រើនម៉ែត្របណ្តាលឱ្យក្មេងស្រីនោះស្លាប់ភ្លាម។

មន្ត្រីដដែលបានបន្តថា ក្នុងស្ថានភាពបែបនោះ អ្នកបើកបររថយន្តបានរត់គេចបាត់បន្សល់ទុក​រថយន្តម៉ាកSHACMAN ផ្លាកលេខAT23.3-1247 នៅនឹងកន្លែង។

ក្រោយមកសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ។ចំណែករថយន្តបង្កបាននាំ​ទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាសដើម្បីបន្តនីតិវិធី៕ដោយ៖កំចាយ