សេដ្ឋកិច្ច

ធនាគារ​អេស៊ីលីដា​ពង្រីក​ការទូទាត់​ឆ្លងដែន​តាម QR ដល់​វៀតណាម និងគ្រោង​ពង្រីក​ដល់​បណ្តាប្រទេសអាស៊ានផ្សេងទៀត

ដោយ៖សិរីមតី/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា ថ្មីៗ​នេះ​បានចាប់ផ្ដើម​ពង្រីក​ប្រតិបត្តិ​ការទូទាត់​ឌីជីថល​ឆ្លងដែន តាមរយៈ​ការ​ស្កែ​ន​កូដ QR ជាមួយនឹង​ប្រទេស​វៀតណាម​ហើយ បន្ទាប់ពី​អនុវត្ត​ប្រតិបត្តិការ​នេះ​បាន​យ៉ាង​រលូន​នៅ​ប្រទេស​ថៃ នាពេល​កន្លងមក​។នាពេលអនាគត នឹងពង្រីកទៅប្រទេសឡាវ ហើយជាបន្តបន្ទាប់នឹងពង្រីកដល់បណ្តាប្រទេសអាសា៊នផ្សេងទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី សុខ សោភា​ នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ធនាគារ អេស៊ីលីដា​។​

​លោកស្រី សុខ សោភា បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​ឥឡូវនេះ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ជាមួយ​ការ​ប្រើ​ប្រាស់​អេស៊ីលីដា​ម៉ូ​បាល លោកអ្នក​អាចធ្វើ​ការទូទាត់​ថ្លៃទំនិញ​និង​សេវា​កម្មបាន​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​វៀតណាម ដែលមាន​ស្លាក​សញ្ញា VietQR របស់​ធនាគារ​វៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និង​ឥតគិតថ្លៃ​សេវា​។

លោកស្រីនាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារធនាគារ អេស៊ីលីដា  បាន​បន្តថា​« ទៅ​ប្រទេស​វៀតណាម ជាមួយ​អេស៊ីលីដា​ម៉ូ​បាល ពិតជា​ងាយស្រួល ដោយ​លោកអ្នក​អាច​ទូទាត់​ផ្សេងៗ តាម QR Code (Scan QR) បាន​គ្រប់​ទីកន្លែង នៅ​ទូទាំងប្រទេស​វៀតណាម ដែលមាន​ស្លាក​សញ្ញា VietQR របស់​ធនាគារ Tien Phong Commercial Joint Stock Bank (TPBank) ដោយ​ឥតគិតថ្លៃ​សេវា​»​។

លោកស្រីបាន​បន្ថែមទៀតថា៖ លើសពីនេះ​លោកអ្នក​អាច ទូទាត់​តាម QR នៅ​ប្រទេស​វៀតណាម​តាម​អេស៊ីលីដា​ម៉ូ​បាល ដោយ​កាត់​ប្រាក់​​ពីគណនី​ប្រាក់រៀល ដែល​ទំហំ​ទឹកប្រាក់​ទូទាត់​កាត់​ប្រាក់​ពី​គណនី​វ៉​ល​ឡេ​ត ក្នុង​មួយថ្ងៃ រហូតដល់ ១២​លាន​រៀល​និង​កាត់​ប្រាក់​ពី​គណនី​ធនាគារ ក្នុង​មួយថ្ងៃ រហូតដល់ ៤០ លាន​រៀល​។​

លោកស្រីនាយិកា សុខ សោភា បានមានប្រសាសន៍ទៀតថា៖ជោគជ័យថ្មី របស់ធនាគារ អេស៊ីលីដា ដែលជាសមាជិករបស់បាគង ឥឡូវនេះអតិថិជន-សាធារណជន អាចទូទាត់ប្រាក់រៀលនៅប្រទេសវៀតណាមតាមអេស៊ីលីដាម៉ូបាល ។

​គួរ​ជម្រាប​ថា ធនាគារ​អេស៊ីលីដា គឺជា​ធនាគារ​ខ្មែរ​ដំបូង​គេ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​តាម​ប្រព័ន្ធ​កូដ QR ឆ្លងដែន​ជាមួយ​នឹង​​ធនាគា​នៅក្នុង​ប្រទេស​ថៃ ដោយ​ក្នុងនោះ ធនាគារ​អេស៊ីលីដា និង​ធនាគារ​ថៃ SCB បាន​ចាប់ដៃគ្នា​សម្រេច​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​តាម QR ឆ្លងដែន​នេះ​តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២០​មកម្ល៉េះ​។ បន្ទាប់មក ធនាគារ​អេស៊ីលីដា បាន​បន្ដ​ពង្រីក​សេវា​ទូទាត់​ឆ្លងដែន​នេះ​ជាមួយនឹង​ធនាគារ​ថៃ​ជាច្រើន​ទៀតដូចជាធនាគារ Kasikornbank (KBank), ធនាគារ Bangkok, ធនាគារ Krungthai និង​ធនាគារ Bank of Ayudhya​ជាដើម​។​

ក្រៅតែពី​ប្រទេស​ថៃ និង​វៀតណាម ធនាគារ​អេស៊ីលីដា ក៏​កំពុង​ជំរុញ​ការទូទាត់​ឌីជីថល​ឆ្លងដែន​នេះ ជាមួយនឹង​ប្រទេស​ឡាវ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​ផងដែរ​។​

​ធនាគារ​អេស៊ីលីដា គឺជា​ធនាគារពាណិជ្ជ​ខ្មែរ​ធំជាងគេនិង​ឈានមុខ​គេ​មួយដែល​បាននិងកំពុងរ​ជំរុញ​ការអភិវឌ្ឍ​សេវា​ទូទាត់​តាម​ឌីជី​ថ​ល​​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២២ កន្លងទៅ ការធ្វើ​ប្រតិបត្តិ​ការទូទាត់​នានា និង​ផ្ទេរប្រាក់​នៅលើ​អេស៊ីលីដា​ម៉ូ​បាល​មាន​ចំនួន ១៣៧​លាន​ប្រតិបត្តិការ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១៦០​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ត្រឹមតែ ៧៧​លាន​ប្រតិបត្តិការ ជាមួយ​ទំហំ​ទឹកប្រាក់​ប្រមាណ ៨៨​លាន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ ទំហំ​ទឹកប្រាក់​ប្រតិបត្តិការ​នេះ មានការ​កើនឡើង​ជាង ៨០% ឯណោះ​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ធនាគារ អេស៊ីលីដា​។​

​លោកស្រី​បន្ថែមថា តាមរយៈ​ភាព​រីកចម្រើន​នៃ​វិស័យនេះ លោកស្រី​ជឿជាក់ថា នៅ​ឆ្នាំ​២០២៣​នេះ ប្រតិបត្តិ​ការទូទាត់​នានា ក៏​ដូច​ការផ្ទេរ​ប្រាក់​តាមរ​យៈ​អេស៊ីលីដា​ម៉ូ​បាល នឹង​កើនឡើង​២ ឬ​៣​ដង​ឯណោះ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ខណៈដែល​ធនាគារ​អេស៊ីលីដា នៅតែ​បន្ដ​លើកទឹកចិត្ត​ដល់​អតិថិជន​ឆ្លាត​វៃ​របស់ខ្លួន ក្នុងការ​ប្រើប្រាស់​អេស៊ីលីដា​ម៉ូ​បាល ដែលជា​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ចាំបាច់ និង​ទំនើប​ទាន់សម័យ​សម្រាប់​មនុស្ស​សម័យថ្មី​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២៣​នេះ​មាន​អតិថិជន​ប្រើប្រាស់​អេប​អេ​ស៊ី​លី​ម៉ូ​ល​បាល​របស់​ធនាគារ អេស៊ីលីដា​បាន​កើនឡើង​ប្រមាណ ជិត​បី​លាន​នាក់​៕​