សន្ដិសុខសង្គម

អ្នករាយការណ៍ព័ត៌មានPNN ក្រោយពីធ្លាក់ចូលអណ្ដូងជម្រៅ៤០ម៉ែត្របានស្លាប់

ស្ទឹងត្រែង៖អ្នកសារព័ត៌មានទូរទស្សន៍ PNN ម្នាក់បានស្លាប់ក្រោយពីធ្លាក់ចូលអណ្ដូងដែលមានជម្រៅ ប្រមាណ៤០ម៉ែត្រ ត្រូវយកទៅសង្គ្រោះឯមន្ទីរពេទ្យប្រទេសវៀតណាម។

លោកឡន វណ្ណា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តភាគឦសានឱ្យទូរទស្សន៍ PNN និងCNC បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៤ ខែមីនា នៅតាមផ្លូវក្រោយបញ្ជូនចេញពីមន្ទីរពេទ្យ ប្រទេសវៀតណាមមកផ្ទះឯខេត្តស្ទឹងត្រែងវិញ។

សូមរំលឹកថា លោកឡន វណ្ណា បានធ្លាក់ចូលអណ្ដូងជម្រៅប្រមាណ៤០ម៉ែត្រ ក្នុងដីចម្ការមួយ ស្ថិតក្នុងភូមិអូរស្ពាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈលោកនិងក្រុមគ្រួសារទៅទីនោះ មើលដីចម្ការរបស់គាត់។ថ្ងៃកើតហេតុជនរងគ្រោះបានដើរថតរូបភាពជុំវិញដីដោយមិនឃើញអណ្តូង ព្រោះមានស្មៅដុះគ្របជិត។ពេលនោះក៏ធ្លាក់ចូលក្នុងអណ្ដូងនោះបណ្តាលឱ្យរងគ្រោះថ្នាក់ធ្ងន់ កាលពីព្រលប់ថ្ងៃទី២២ ខែមីនាកន្លងទៅ។

ក្រោយពីមានហេតុការណ៍កើតឡើង ក្នុងស្ថានភាពរងរបួសធ្ងន់ធ្ងរ ក្រុមគ្រួសារបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម។ចាប់តាំងពីចូលដល់ពេទ្យវៀតណាមនៅថ្ងៃទី២២ស្ថានភាព ជំងឺមិនបានធូរស្បើយទេ រហូតគ្រូពេទ្យជួយអស់លទ្ធភាព។ក្រុមគ្រួសារក៏សម្រេចដឹកចេញពីមន្ទីរពេទ្យ វៀតណាមមកខេត្តស្ទឹងត្រែងវិញ ហើយក៏ទទួលមរណភាពតាមផ្លូវ។បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យ នៅផ្ទះរបស់លោកក្នុងទីរូមខេត្តស្ទឹងត្រែង៕ដោយ:សុខុម