សន្ដិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន២ខ្នងផ្ទះ ជាមួយទ្រព្យសម្បត្តិជាច្រើន

ភ្នំពេញ​៖អគ្គិភ័យបានឆាប​ឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ រួមទាំងទ្រព្យសម្បត្តិអស់ជាច្រើនស្ថិតនៅ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី២៤ ខែមីនា។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមីនានេះ ភ្លើងបានឆាបឆេះផ្ទះ ចំនួន២ខ្នងផ្ទះយ៉ាងសន្ធោសន្ធៅ ត្រូវបានក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ម្ចាស់ឈ្មោះ​ ហេង វី​ អាយុ៤១ឆ្នាំ​ អ្នកលក់ដូរ​ ផ្ទះទំហំ​៦ម៉ែត្រគុណ៨​ម៉ែត្រ​ឈើលើថ្មក្រោម។ម្ចាស់ម្នាក់ទៀតឈ្មោះ ឆន​ វែង​ អាយុ៥២ឆ្នាំ​ ផ្ទះទំហំម៉ែត្រគុណ៨ម៉ែត្រឈើលើថ្មក្រោម។ផ្ទះចំនួន២នេះត្រូវភ្លើងឆេះអស់ទាំងស្រុងនិងទ្រព្យសម្បតិ្តជាច្រើន។

មន្ត្រីដដែលបានបន្តថា​ មូលហេតុកើតមានអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី​ ចេញពីផ្ទះឈ្មោះហេង​ វី​ បង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយក៏បានរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅជាប់គ្នា។ពេលភ្លើងកំពុងឆេះ សមត្ថកិច្ចជំនាញបានចេញរថយន្តជិត១០គ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ប៉ុន្តែក្នុងហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។រីឯទំហំនៃការខូចខាតមន្ត្រីមូលដ្ឋានកំពុងសាកសួរ៕ដោយ៖វិចិត្រ