សន្ដិសុខសង្គម

ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃទើបក្រោយមកគេប្រទះឃើញសពអណ្ដែតទឹក

ដោយ៖សុខុម

ស្ទឹងត្រែង៖ស្រីក្រមុំចាស់ម្នាក់បានបាត់ខ្លួន៤ថ្ងៃនៅពេលដែលគាត់បានធ្វើដំណើរដោយទូកមួយគ្រឿងតែម្នាក់ឯង។ប៉ុន្តែក្រោយមកគឺនៅថ្ងៃទី២៤ ខែមីនា គេក៏បានប្រទះឃើញសាកសពរបស់គាត់អណ្តែតក្នុងទឹកទន្លែមេគង្គ ក្នុងភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

លោកអ៊ុងសុភ័ក្រ្តនាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ខែមីនានេះថា សពស្ត្រីម្នាក់ដែលគេប្រទះឃើញនៅក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ ជាប់នឹងស្រុកសៀមបូក ខេត្តស្ទឹងត្រែងនោះ គឺជាសាកសពស្ត្រីម្នាក់ដែលបានបាត់ខ្លួនកាលពី៤ថ្ងៃមុន។

លោកមេប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ខែមីនា ឆ្នាំ២០២៣ ស្រីក្រមុំចាស់ឈ្មោះ ម៉ន ខាំសាអន បានជិះទូកទៅនេសាទ នៅចំណុចភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

តែក្រោយពីជិះទូកទៅក៏ស្រាប់តែ បាត់មនុស្សនៅសល់តែទូក ហើយគេបានដាក់ការសង្ស័យថាស្ត្រីម្នាក់នោះអាចជួបនឹងគ្រោះថ្នាក់អ្វីមួយនៅក្នុងទឹកទន្លេ។ក្រោយពីបាត់ខ្លួនក្រុមគ្រួសារសាច់ញាតិនិងសមត្ថកិច្ចក៏បានស្វែងរកតែរកមិនឃើញ។លុះមកដល់ព្រឹកថ្ងៃទី២៤មីនានេះ មានប្រជាពលរដ្ឋប្រទះឃើញសាកសពរបស់គាត់បានសាត់អណ្តែតទៅដល់ស្រុកសំបូរខេត្តក្រចេះ។

ប្រភពខាងលើបានឱ្យដឹងថា ករណីនេះទំនងជាស្ត្រីនោះមានបំណងបើកទូកទៅលោតទឹកដើម្បីសម្លាប់ខ្លួនឯង។ម្យ៉ាងទៀតស្ត្រីរូបនោះគឺជាក្រមុំចាស់ដែលមានបញ្ហាផ្លូវចិត្តផង។ក្រោយពេលរកឃើញសពក្រុមសាច់ញាតិបានបញ្ចុះនៅក្នុងទឹកដីស្រុកសំបូរខេត្តក្រចេះតែម្តង៕