សន្ដិសុខសង្គម

មិនទាន់រកឃើញស្ត្រីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ភ្នំពេញ៖មកដល់ពេលនេះមិនទាន់រកឃើញស្ត្រីម្នាក់ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហើយលិចបាត់ បន្សល់តែលេខទូរសព្ទនិងម៉ូតូ១គ្រឿង។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា មានស្ត្រីម្នាក់បានជិះម៉ូតូ​មកលោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាចាស់ក្នុងខណ្ឌជ្រោយចង្វា ហើយក៏លិចបាត់បន្សល់តែ​លេខទូរសព្ទ-ស្បែកជើងនិងម៉ូតូ១គ្រឿង។

អ្នកស្គាល់បានប្រាប់ថា ស្ត្រីលោតទឹកបាត់ខ្លួនឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ នៅភូមិទី១ សង្កាត់ជ្រោយចង្វា ទើបតែលែងលះជាមួយប្តី មានកូនប្រុសអាយុប្រមាណ១ខួបក្នុងបន្ទុក ។មុនកើតហេតុ គេឃើញស្ត្រីរូបនោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1GB.2686 ឡើងស្ពានជ្រោយចង្វាពីកើតទៅលិច។

ពេលចុះពីលើស្ពានបានបន្តិច ក៏ឈប់ម៉ូតូហើយដោះស្បែកជើងនិងសរសេរទុកលេខទូរសព្ទ រួចលោតចុះទៅក្នុងទន្លេបាត់តែម្តង។បន្ទាប់ពីកូនស្រីលោតចុះទឹក បុរសជាឪពុកក៏បានទាក់ទង​បងប្អូនខ្មែរអ៊ិស្លាមឱ្យមកជួយរាវរក តែមកដល់ពេលនេះមិនទាន់ឃើញនៅឡើយ៕ដោយ៖វិចិត្រ