សន្ដិសុខសង្គម

បង្ហាញមុខជនសង្ស័យ៨នាក់ករណីឃាតកម្មនិងឆក់មុនបញ្ជូនទៅតុលាការ

កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា បានបង្ហាញមុខជនសង្ស័យចំនួន៨នាក់ មុនបញ្ជូនទៅតុលាការ ករណីឃាតកម្មនិងឆក់កាបូបលើ៣ទីតាំងផ្សេងគ្នា។

លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត​កំពង់​ឆ្នាំង ​បានឱ្យដឹងថា សមត្ថកិច្ចបានបង្ហាញមុខជនល្មើស​ចំនួន៨នាក់ពេលនេះ ជាមុខសញ្ញាប្រព្រឹត្តបទល្មើសនៅ៣ទីតាំងផ្សេងគ្នាមុនបញ្ជូនទៅតុលាការ​ដើម្បីបន្តនីតិវិធី​។

ករណីទី១-យប់ថ្ងៃទី១៩ ខែមីនា ជនល្មើសមានគ្នា១០នាក់ ប្រើកាំបិត៣និងពូថៅ១ ស្ទាក់កាប់​ជនរងគ្រោះ២នាក់ជិះម៉ូតូលើផ្លូវជាតិលេខ៥ ហើយចាប់បាន៦នាក់។ជនរងគ្រោះឈ្មោះឡុង សុខេន អាយុ២៤ឆ្នាំ ស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់ នៅភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ។

ទី២-រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមីនា ករណីឆក់កាបូបពីស្ត្រីម្នាក់ឈ្មោះ ឃុន ស្រីខួច អាយុ២១ឆ្នាំ កំពុងជិះម៉ូតូនៅផ្លូវជាតិលេខ៥ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។ សមត្ថកិច្ច ចាប់បានជនល្មើសម្នាក់ឈ្មោះ ធន ចាន់ឌឿន ដកហូតវត្ថុតាង ទូរសព្ទ១គ្រឿង និងលុយ១០ម៉ឺនរៀល ហើយប្រគល់ឱ្យម្ចាស់វិញ។

ទី៣-ឃាតកម្មប្លន់យកម៉ូតូនិងទូរសព្ទ កាលពីយប់ថ្ងៃទី២១ ខែមីនា ក្នុងភូមិតាំងពោនស្រុក​សាមគ្គីមានជ័យ ជនរងគ្រោះឈ្មោះ នុត សារឿន អាយុ៥២ឆ្នាំ ត្រូវជនល្មើសចាក់១៥កាំបិតបណ្ដាលឱ្យ​ស្លាប់។ករណីនេះនគរបាលចាប់បានជនសង្ស័យឈ្មោះ វុន រិទ្ធ កាលពីថ្ងៃទី២២ ខែមីនា នៅខេត្តកំពង់ស្ពឺ៕ដោយ៖វិចិត្រ