អន្តរជាតិ

តើអ្នកដឹងទេ? នាឡិកាដ៏កម្រម៉ាកPatek Philippeដាក់លក់ក្នុងតម្លៃ៥.៨លានដុល្លារ

កែសម្រួល៖ រ៉ាម៉េត

Bloomberg បានរាយការណ៍ថា នាឡិកាដ៏កម្រម៉ាក Patek Philippe ត្រូវបានដាក់ដេញថ្លៃលក់តាមអ៊ីនធឺណិតនៅហុងកុងក្នុងតម្លៃ៥.៨លានដុល្លារដែលជាតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

Christie’s ដែលជាម្ចាស់ហាងដាក់ដេញថ្លៃបានថ្លែងថា Patek Philippe ‘Sky Moon Tourbillon’ ដាក់ក្នុងប្រអប់អេណាមធ្វើដោយដៃពណ៌ខៀវមានស្រោមដៃឆ្លាក់ពីមាសពណ៌ស ទទួលបានការដេញថ្លៃក្នុងតម្លៃដល់ទៅ ៤៥.៤៥ លានដុល្លារហុងកុងកាលពីថ្ងៃអង្គារកន្លងទៅ។

នេះបង្ហាញថា អ្នកប្រមូលទិញនាឡិកាលំដាប់ខ្ពស់នៅតែមានឆន្ទៈទិញនាឡិកាដ៏កម្រប្រភេទនេះ បើទោះបីជាកំពុងមានវិបត្តិធនាគារក៏ដោយ។ នាឡិកាលំដាប់ថ្លៃៗជាវត្ថុដ៏ប្រណិតដែលមានការពេញនិយមសម្រាប់ធនាគារិកដែលសំបូរសាច់ប្រាក់ទទួលបានពីប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរបស់គេក៏ ប៉ុន្តែឥឡូវនេះពួកគេកំពុងប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់ដូចជា Credit Suisse Group AG ជាគូប្រជែងរបស់ UBS Group AG និងការដួលរលំនៃធនាគារ Silicon Valley ជាដើម ។

នាឡិកា Patek Philippe មានលេខយោងសំគាល់ 6002G-001 ត្រូវបានគេដាក់លក់ដំបូងគេនៅទីក្រុងហ្សឺណែវក្នុងឆ្នាំ ២០១៥ ដែលគេចាត់ទុកថា ជានាឡិកាមានមុខងារចំរុះដែលអាចប្រាប់ពេលវេលាដោយឡែកៗតាមតំបន់នៅក្នុងពិភពលោក។ វាមានលក្ខណៈពិសេសដល់ទៅ ១២ ប្រភេទ ដែលគេហៅថា ‘លក្ខណៈមុខងារចំរុះ’ដែលជាមុខងារពិសេសនៅក្នុងចលនាមេកានិករបស់វា រួមទាំងបង្ហាញនូវប្រតិទិនអចិន្ត្រៃយ៍ជាមួយនឹងការបង្ហាញកាលបរិច្ឆេទបកថយក្រោយ និងការរំលឹកនាទីដោយបន្លឺសំឡេងផងដែរ។

តម្លៃសម្រាប់ការដាក់ដេញថ្លៃចំពោះនាឡិកាដ៏ប្រណីតមួយចំនួនដែលជាទីពេញនិយមរបស់គេបំផុតនោះគឺជាផលិតផលលំដាប់ខ្ពស់របស់ប្រទេសស្វីសម៉ាក Rolex   Patek  Audemars និងម៉ាក  Piguet បានឡើងថ្លៃខ្ពស់មិនធ្លាប់មានពីមុនមកក្នុងអំឡុងពេលមានជំងឺរាតត្បាតរហូតមកដល់ត្រីមាសទីមួយនៃឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏តម្លៃរបស់វាបានធ្លាក់ចុះវិញក្នុងខណៈពេលដែលអត្រាការប្រាក់ចាប់ផ្តើមកើនឡើង ហើយ cryptocurrencies បានចាប់ផ្តើមដួលរលំ។

អនុប្រធាន និងជាប្រធានផ្នែកនាឡិកានៅ Christie’s Asia Pacific លោក Alexandre Bigler បានធ្វើសេចក្តីថ្លែងការណ៍ថា “វានៅតែបន្តមានទីផ្សារដ៏សកម្មសម្រាប់ការជួញដូនាឡិកានៅទូទាំងពិភពលោក តាមរយៈការដាក់ដេញថ្លៃលក់ជាសាកល” ៕

ប្រភព Bloomberg