សន្ដិសុខសង្គម

ចាប់ក្មេងទំនើង១៥នាក់ប្រើដាវនិងកាំបិតខុសច្បាប់បញ្ជូនទៅតុលាការ

ព្រៃវែង៖កម្លាំងនគរបាលបានចាប់ក្រុមក្មេងទំនើង១៥នាក់ ប្រដាប់ដោយដាវនិងកាំបិត ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីចាត់ការតាមច្បាប់។

មន្ត្រីនគរបាលខេត្តព្រៃវែងបានឱ្យដឹងថា នគរបាលស្រុកពារាំង សហការជាមួយនគរបាល ប៉ុស្តិ៍រដ្ឋបាលកំពង់ពពិល បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដាវ និងកាំបិតខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅម្តុំសាលាបឋមសិក្សាកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី២០ ខែមីនា។

មន្ត្រីដដែលបានបន្តថា ក្មេងទំនើងទាំង១៥នាក់នោះភេទប្រុស អាយុពី១៤ដល់១៦ឆ្នាំ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនិងស្រុកពារាំង ខេត្តព្រៃវែង។ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងមាន-ដាវចំនួន២និងកាំបិតប៉័ងតោ២។បន្ទាប់ពីសាកសួរ ក្មេងទំនើងទាំង១៥នាក់នោះរួច ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ