សន្ដិសុខសង្គម

អ្នកសារព័ត៌មានម្នាក់ប្រចាំខេត្តស្ទឹងត្រែងដើរធ្លាក់ចូលអណ្តូងរងរបួសធ្ងន់

មណ្ឌលគិរី៖អ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍ PNN ប្រចាំខេត្តភាគឦសានម្នាក់បានដើរធ្លាក់ចូល​ក្នុងអណ្តូងចាស់ជម្រៅពីជាង៣០ទៅ៤០ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍នោះ​បានកើតឡើង​នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រលប់ថ្ងៃទី២២ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡន វណ្ណា ជាអ្នករាយការណ៍ព័ត៌មានឱ្យទូរទស្សន៍ PNN ប្រចាំខេត្តស្ទឹងត្រែង បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍កើតឡើងដោយមិននឹកស្មានមិនដល់។

មុនកើតហេតុ លោកឡនវណ្ណានិងក្រុមគ្រួសារបានទៅមើលដីចម្ការរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី។ពេលថ្ងៃហៀបលិច ជនរងគ្រោះបានដើរនៅក្បែរព្រំដីដើម្បីថតរូបភាពតែម្នាក់ឯង។តែចៃដន្យពេល​កំពុងដើរថតមានអណ្ដូងមួយជម្រៅប្រមាណជាង៣០ទៅ៤០ម៉ែត្រដោយមានស្មៅដុះជិត។

ពេលកំពុងថតទេសភាពក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងនោះ។ប្រហែលកន្លះម៉ោងក្រោយ​ទើបភរិយារបស់លោកដឹងថាប្តីធ្លាក់ចូលក្នុងអណ្តូង បង្កភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះ​យកចេញពីក្នុងអណ្ដូង ហើយបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមទាំងយប់៕ដោយ៖សុខុម