អន្តរជាតិ

អាម៉េរិកចេញច្រានចោលពាក្យកុហករបស់រុស្ស៊ីលើឥទ្ធិពលគ្រាប់បែកអ៊ុយរ៉ាញ៉ូម

សហរដ្ឋអាម៉េរិកចេញច្រានចោលពាក្យកុហករបស់រុស្ស៊ីដែលថា គ្រាប់បែកអ៊ុយរ៉ាញ៉ូមគឺជាជាតិ​វិទ្យុសកម្ម​ដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាតិ។

យោងតាមលោក John Kirby ដែលជាអ្នកសម្របសម្រួលយុទ្ធសាស្ត្រប្រចាំនៅក្រុមប្រឹក្សា​សន្តិសុខជាតិសេតវិមានអាម៉េរិកបាននិយាយកាលពីថ្ងៃពុធទី ២២ ខែមីនា ឆ្នាំ២០២៣ថា គ្រាប់បែកអ៊ុយរ៉ាញ៉ូមមិនមានគ្រោះថ្នាក់ក្នុងកម្រិតវិទ្យុសកម្មធំធេងធ្ងន់ធ្ងរដូចដែលរុស្ស៊ីបាននិយាយចោទប្រកាន់នោះទេ។ លោកបានសង្កត់ធ្ងន់ថា “មានការសិក្សាផ្នែកសុខភាពដែលបានធ្វើឡើងលើ​គ្រាប់រំសេវអ៊ុយរ៉ាញ៉ូមនេះយ៉ាងហ្មត់ចត់រួចហើយ វាមិនមែនជាការគំរាមកំហែងដោយ​ជាតិវិទ្យុសកម្មនោះទេ វាមិនចូលទៅក្នុងអាណាចក្រនុយក្លេអ៊ែរដូចដែលរុស្ស៊ីបានបំភ័យនោះទេ។ នេះគឺជាប្រភេទគ្រាប់បែកធម្មតា ដែលត្រូវបានប្រើជាពិសេសដើម្បីទម្លុះពាសដែករបស់យានប្រយុទ្ធ”។

ជាការអំពាវនាវ លោក Kirby ប្រាប់ថា “ប្រសិនបើរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង​អំពីសុខុមាលភាពរបស់រថក្រោះ និងទាហានរថក្រោះរបស់ពួកគេ ដើម្បីសុវត្ថិភាពគ្រឿងប្រយុទ្ធរបស់ខ្លួន វិធីល្អគឺគួរតែនាំចេញកាត់ព្រំដែន នាំពួកគេចេញពីអ៊ុយក្រែនទៅ”។ ការអះអាងរបស់រុស្ស៊ីកើតឡើង​ក្រោយគ្នានឹងចក្រភពអង់គ្លេស ដែលបានប្រកាសថា នឹងបញ្ជូនគ្រាប់បែកធុនធ្ងន់អ៊ុយរ៉ានីញ៉ូម​ទៅកាន់អ៊ុយក្រែន៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា