សន្ដិសុខសង្គម

មានលុយ៩០០ដុល្លារទុកទិញម៉ូតូ ចូលម៉ាស្សាបាត់អស់៨០០ បង្កផ្អើលឆោឡោ

ភ្នំពេញ​៖បុរសម្នាក់មានលុយចំនួន៩០០ដុល្លារទុកទិញម៉ូតូ ហើយបានចូលកន្លែងម៉ាស្សាកោសជប់ មួយកន្លែង ពេលទៅដល់ផ្ទះវិញមើលក្នុងកាបូបឃើញលុយក្លែងក្លាយ៨០០ដុល្លារ។ករណីនេះកើតនៅហាងម៉ាស្សាយីហោ “តម្លៃ១០.០០០រៀល”​ ស្ថិតនៅផ្លូវ៣៧១​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា។

បុរសរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ រូបគាត់មានលុយសុទ្ធក្នុងកាបូបចំនួន ៩០០ដុល្លារទុកទិញម៉ូតូ។

ដោយមិនស្រួលខ្លួន រូបគាត់បានចូលកន្លែងម៉ាស្សាមួយកន្លែង។ក្រោយពីម៉ាស្សារួចបានជិះម៉ូតូត្រឡប់ ទៅផ្ទះ ហើយបើកកាបូបរាប់លុយឃើញលុយក្លែងក្លាយចំនួន៨០០ដុល្លារនិងលុយសុទ្ធ១០០ដុល្លា​រ។ពេលនោះរូបគាត់ក៏បានត្រឡប់ទៅទីតាំងម៉ាស្សាវិញ ដោយបានដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់មកកម្លាំងនគរបាលនិងអាវុធហត្ថខណ្ឌដង្កោ បានចុះសួរនាំលើស្ត្រីបម្រើការនិងម្ចាស់ហាងម៉ាស្សា រួចនាំអ្នកទាំងនោះយកទៅសាកសួរតាមនីតិវិធី៕ដោយ៖វិចិត្រ