អន្តរជាតិ

ព្យុះភ្លៀងបក់បោកខ្លាំងដួលរលំដើមឈើសម្លាប់មនុស្ស៥នាក់នៅរដ្ឋកាលីហ្វ័រញ៉ាអាម៉េរិក

ចំណែកនៅអាម៉េរិកវិញ ព្យុះភ្លៀងបក់បោកខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស៥នាក់​បានបាត់បង់ជីវិតនៅដើមសប្តាហ៍នេះ។

យោងតាមលោក Diana Crofts-Pelayo អ្នកនាំពាក្យការិយាល័យសេវាសង្គ្រោះប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកបានឱ្យដឹងថា អ្នកស្រុកជិត ៤៨.០០០នាក់នៅទូទាំងរដ្ឋត្រូវបានព្រមានឱ្យត្រៀមខ្លួន​ដើម្បីភៀសខ្លួនទៅកាន់ទីទួលខ្ពស់សុវត្ថិភាព កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ខណៈព្យុះភ្លៀង ខ្យល់ និងព្រិលលាយឡំបានធ្លាក់ចុះយ៉ាងខ្លាំង វាយប្រហារ ដាច់ខ្សែភ្លើង ខូចខាតផ្ទះសំបែង និងអាជីវកម្មជាង​ម៉ឺនកន្លែង។ នៅក្នុង និងជុំវិញទីក្រុង San Francisco ក៏ដូចជាក្រុង Oakland និងខោនធី Contra Costa ក្តី ដើមឈើជាច្រើនបាក់ដួលរលំ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់បានបាត់បង់ជីវិត។

សេវាអាកាសធាតុបាននិយាយថា ការប្រមូលផ្តុំព្រិលសរុបមានកម្ពស់រហូតដល់ ៤ ហ្វីត (ជាង១ ម៉ែត្រ) និងក្នុងតំបន់ខ្លះកម្ពស់រហូតដល់ ៥ ហ្វីតឯណោះ។ សេវាអាកាសធាតុបានបន្ថែមថា នៅពេលដែលឥទ្ធិពលព្យុះភ្លៀង ព្រិល និងខ្យល់បានសាយភាយពាសពេញរដ្ឋកាលីហ្វ័រញ៉ា​កាលពីថ្ងៃពុធ ហើយផ្នែកខាងមុខព្យុះបានបោកបក់ទៅផ្នែកខាងកើត កាត់ផ្នែកខ្លះនៃរដ្ឋ Nevada, Arizona, Colorado, New Mexico និង Utahផងដែរ។ វាជាព្យុះទី ១២ ដែលបានបោកបក់នៅឆ្នេរសមុទ្រ​ខាងលិចចាប់តាំងពីចុងខែធ្នូមក ដែលជាព្យុះខ្លាំងដែលបានកត់ត្រាចុងក្រោយគេ អមដោយទឹកភ្លៀង និងបំផ្លិចបំផ្លាញសម្រាប់សហរដ្ឋអាម៉េរិក៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា