អន្តរជាតិ

ព្យុះខ្សាច់វាយប្រហារភាគខាងជើង និងពាយ័ព្យប្រទេសចិន ធូលីគ្របដណ្តប់ពេញទីក្រុង

ព្យុះខ្សាច់វាយប្រហារភាគខាងជើង និងពាយ័ព្យប្រទេសចិន បង្កជាធូលីលាយឡំជាមួយខ្យល់ពុល ធ្វើឲ្យទិដ្ឋភាពទីក្រុងអួអាប់ឡើងព៌ណទឹកក្រូច ប្រឈមហានិភ័យគ្រោះថ្នាក់សម្រាប់អ្នកបើកបរ។

សេវាអាកាសធាតុចិនកាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញការព្រមានកម្រិតពណ៌លឿងសម្រាប់ធូលី​នៅទូទាំងតំបន់ភាគខាងជើង និងភាគពាយ័ព្យរយៈពេល ២៤ ម៉ោង។ រដ្ឋធានីប៉េកាំងក៏ត្រូវបាន​ចេញការព្រមានអំពីព្យុះខ្សាច់ក្នុងកម្រិតពណ៌លឿងផង ដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីក្រុងនេះបានជួបប្រទះនឹងព្យុះខ្សាច់ និងធូលី ដែលធ្វើឲ្យកម្រិតបំពុលកាន់តែកើនឡើងយ៉ាងខ្លាំង។ ទីក្រុង​ប៉េកាំង​បាន​កត់ត្រា​សន្ទស្សន៍​គុណភាព​ខ្យល់នៅចំណុច ៥០០ កម្រិត​បំពុល​នៅ​ត្រឹមកម្រិត ៦ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុតដល់​សុខភាពប្រព័ន្ធដង្ហើមមនុស្ស។ នេះ​បើ​តាម​មជ្ឈមណ្ឌល​តាមដាន​បរិស្ថាន​អេកូឡូស៊ី​ក្រុង​ប៉េកាំង។

សេវាកម្មអាកាសធាតុបាននិយាយថា ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំឱ្យ​ពាក់ម៉ាស់រាល់ពេលចេញក្រៅ ប្រុងប្រយ័ត្ន រក្សាខ្លួននៅក្នុងផ្ទះដើម្បីការពារប្រឆាំងនឹងខ្យល់ និងខ្សាច់ បិទទ្វារ និងបង្អួចឱ្យបានទាន់ពេលវេលា ពិសេសត្រូវបើកបរដោយមានការប្រុងប្រយ័ត្នជាទីបំផុត៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា