អន្តរជាតិ

ចារកម្មអង់គ្លេស៖ រុស្ស៊ី​អាច​នឹង​បាត់បង់​សន្ទុះ​នៅ​ក្រុង Bakhmutខេត្តដូណេតហើយ

ចារកម្មចក្រភពអង់គ្លេសនិយាយថា រុស្ស៊ីអាចនឹងបាត់បង់សន្ទុះនៅក្នុងទីក្រុងបាក់មុតខេត្តដូណេត វាយអ៊ុយក្រែនមិនបែកទៅមុខទៀតឡើយ ខណៈកងកម្លាំងអ៊ុយក្រែនក៏ហាក់ងើបសន្ទុះឡើងវិញ។

ចារកម្មយោធានៃក្រសួងការពារជាតិអង់គ្លេស បាននិយាយក្នុងព្រឹត្តិបត្រព័ត៌មានចុងក្រោយថ្ងៃពុធទី ២២ ខែមីនាថា លទ្ធភាពនៃការវាយលុករបស់រុស្ស៊ីមកលើទីក្រុង Bakhmut របស់អ៊ុយក្រែនហាក់កំពុង​បាត់បង់សន្ទុះពីកម្រិតខ្ពស់ដែលខ្លួនធ្លាប់ទទួល បាន។ នេះអាចកើតឡើងដោយសារតែ “អង្គភាពនៃក្រសួងការពារជាតិរបស់រុស្ស៊ីមួយចំនួន ត្រូវបានបញ្ជាឲ្យផ្លាស់ប្តូរទីតាំងទៅផ្នែក​ផ្សេងទៀត”។ ការវាយតម្លៃកើតឡើងក្រោយគ្នា បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃអង្គារត្រូវបាន​គេដឹងថាបានវាយលុកបករុស្ស៊ីវិញយ៉ាងចាស់ដៃ ដើម្បីរំដោះយកផ្នែកកណ្តាលនៃទីក្រុង Bakhmut ភាគខាងកើតមកវិញ។ កងទ័ព​អ៊ុយក្រែន​ហាក់រីកសន្ទុះមកវិញ ដោយមានការគាំទ្រផ្នែកអាវុធពី​សម្ព័ន្ធមិត្ត អ៊ុយក្រែនបានប្រើ​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​រថក្រោះ Stugna នៅ​ Bakhmut ទប់ទល់ជាមួយរុស្ស៊ី។

រុស្ស៊ីមិនបានធ្វើការឆ្លើយតបនឹងការអះអាងនេះទេ ហើយរុស្ស៊ីក៏មិនទាន់បានអះអាងពីភាព​រីកចម្រើនថ្មីណាមួយបន្ថែមទៀតនៅបាក់មុតដែរ។ របាយការណ៍ទាហានស៊ីឈ្នួលរុស្ស៊ីរបស់​លោកPrigozhin បាននិយាយចុងក្រោយថា បានដណ្តើមកាន់កាប់៧០ភាគរយនៃបាក់មុត ក្រៅពីនោះវាយមិនទាន់បែកទេ ខណៈអ៊ុយក្រែនបានបញ្ជូនកម្លាំងបម្រុងមកជាហូរហែ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា